ភ្នំពេញ៖ ករណីប្រើប្រាស់អាវុធខ្លីបាញ់សម្លាប់មនុស្សនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា តាមស្រាវជ្រាវតែក្នុងរយៈពេលប្រមាណជាង៩ម៉ោងឃាត់ខ្លួនជនសង្ស័យ២ នាក់បងប្អូនបង្កើតនិងគ្នា។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ គង់ កុសល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ( ជនដៃដល់) និងទី២ ឈ្មោះ គង់ ចាន់សុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ត្រូវជាបងប្អូនបង្កើតនិងគ្នា ស្នាក់នៅផ្ទះសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាប្រាប់ឲ្យដឹងថា ករណីប្រើប្រាស់អាវុធខ្លីបាញ់សម្លាប់មនុស្សនេះបានកើតឡើង កាលពីវេលាម៉ោង២ និង០០នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានជនរងគ្រោះឈ្មោះ ឆាយ ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៩B ផ្លូវ១៣៣៩ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រងរបួសធ្ងន់ ត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យព្រះកុសមៈក្រោយដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯក សុខ សុផល ប្រាប់បន្តឲ្យដឹងថា ក្រោយពីកើតហេតុជនសង្ស័យទាំង២នាក់បងប្អូន បានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលពីវេលាម៉ោង ១០ និង៥០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ក្បែរសាលាសង្កាត់ទឹកថ្លា ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ និងជនរងគ្រោះ គឺជាក្រុមតែមួយ ហើយនៅយប់កើតហេតុ ដោយសារតែជនសង្ស័យទាំង២នាក់ ខឹងនិងជនរងគ្រោះ យកម៉ូតូទៅបញ្ចាំចំនួន២លើកទៅហើយ មិនដែលឃើញយកលុយមកឲ្យពួកគេសោះ ទើបឈានដល់ការបាញ់សម្លាប់បែបនេះ ។ នៅក្នុងករណីនេះជនសង្ស័យប្រើប្រាស់អាវុធខ្លី ម៉ាក រ៉ូឡូ បាញ់ចំនួន ៥គ្រាប់ ប៉ុន្តែត្រូវជនរងគ្រោះតែ១គ្រាប់ប៉ុណ្ណោះ ចំពោះជនរងគ្រោះធ្លាយមកខាងក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យព្រះកុសមៈ ក្រោយដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង ប្រាប់បន្តឲ្យដឹងថា ពាក់ព័ន្ធករណីនេះកម្លាំងរបសលោកនាំជនសង្ស័យទៅចំណុចផ្ទះជួលដើម្បីរកកាំភ្លើងដែរ ប៉ុន្តែរកមិនឃើញសោះ ដូច្នេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី សាកសួរជនសង្ស័យបន្ថែមទៀត ដើម្បីចង់បានចម្លើយសារភាពពិតប្រាកដ ដែលនាំមានការបាញ់គ្នាបែបនេះ៕
ដោយ៖ តុង សីហា