កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,១៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងលើសពី ៧,០០០ករណីជាលើកដំបូង នៃករណីឆ្លងប្រចាំថ្ងៃ ខណៈដែលមន្ទីរពេទ្យស្ថិតនៅក្នុងភាពតានតឹង ចំពោះករណីស្លាប់ និងករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកំពុងកើនឡើងយ៉ាងគំហុក។ ករណីឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែធ្នូនេះ បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតដើម្បីសាកល្បងរៀនរស់នៅជាមួយ COVID-19 ចាប់តាំងពីខែវិច្ឆិកាកន្លងមកនេះ។ បើតាម KDCAបញ្ជាក់ឱ្យដឹងថា អត្រាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយក្នុងនោះមានអ្នកជំងឺ COVID-19 ចំនួន ៨៤០នាក់មានរោគសញ្ញាធ្ងន់ធ្ងរគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រៅពីនេះ អ្នកជំងឺចំនួន៦៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដូចគ្នាដែរ។ មកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤៨៩,៤៨៤ករណី រួមទាំងករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន ៣៨ករណីផងដែរ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន៤,០២០នាក់ ខណៈ៩១.៨ភាគរយនៃចំនួនប្រជាជនពេញវ័យរបស់ខ្លួនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន០២ដូស) រួចរាល់ហើយ៕ ដោយសាធី
រូបថត៖Reuter.