ខេត្តស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងទី៩ ខែធ្នូ ឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងជនងាយរងគ្រោះ៤៥គ្រួសារ មកពីចំនួន៣ភូមិ ក្នុងឃុំចំការលើ និងប្រជាការពារភូមិចំនួន៥០នាក់ និងអាវសិស្សចំនួន១០០ផងដែរ ពិធីចែកអំណោយនេះដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាលស្រុកថាឡាបរិវ៉ាត់ លោក លោកស្រីប្រធានមន្ទី ពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ធ្វើឡើងស្ថិតនៅក្នុងទីធ្លាសាលារៀនចំការលើ ភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ លោកស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលគឺតែងតែគិតគូខ្វាយខ្វល់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋានគ្រប់ទីកន្លែង។
លោកស្វាយ សំអ៊ាង មានប្រសាសន៍ទៀតថាគ្រប់ពេលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនទុក្ខចោលប្រជាពលរដ្ឋឲ្យទទួលរងផលប៉ះពាល់ពីអ្វីមួយដោយមិនធ្វើការដោះស្រាយនោះឡើយ ហើយរាជរដ្ឋាភិបាលតែងស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឲ្យរួចផុតបីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបានបន្តថា: តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព រីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធសេរីភាពគ្រប់បែបយ៉ាង ជំនឿសាសនា និងការប្រកបមុខរបរផ្សេងៗបានគ្រប់បែបយ៉ាង។
ក្នុងនោះផងដែរលោកអភិបាលខេត្ត ក៍បានអំពាវនាវនិងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។
សូមបញ្ជាក់ថាអំណោយដ៍ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៤៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន: អង្គរ២៥គីឡូ មុង១ ភួយ ១ ក្រម៉ា១ សារ៉ុងមួយ មី១កេស ត្រីខ១យួរ៕ ក្នុងសិស្ស១០០នាក់ទទួលបានអាវម្នាក់១ និងប្រជាការពារភូមិ៥០នាក់ទទួលបាន អាវម្នាក់១កំភ្លេ លុយ២ម៉ីនរៀលផងដែរ នេះជាអំណោយផ្ទាល់ខ្លួនរបស់លោកមិញ ស៉ីចាយ ប្រធានមន្ទីរសូរិយោដីខេត្ត៕
ដោយ៖ មាស សុផាត