ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខលោកអ៊ុំ ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារនិងប្អូនៗក្រុមការងារសម្របសម្រួលនៅអង្គការផ្ទះបាយកុមារ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ។
មុនពេលនៃការរីករាលដាលជំងឺកូវីដ-១៩ សហភាពសហព័ន្ធយុវជនកម្ពុជាតែងតែរៀបចំកម្មវិធីជួបជុំ និងធ្វើខួបកំណើតឱ្យប្អូនៗកុមារជារៀងរាល់ឆ្នាំ។ ដោយសារបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំរីករាយជាមួយប្អូនៗកុមារត្រូវបានអាក់ខាន តែទោះបីជាយ៉ាងណា លោកប្រធាន និងក្រុមការងារតែងតែនឹករលឹកដល់ប្អូនៗ ហើយតែងតែផ្ដាំផ្ញើសេចក្ដីនឹករលឹកនិងឧបត្ថមជាសម្ភារជាបន្ដបន្ទាប់។
សព្វថ្ងៃនេះ អង្គការផ្ទះបាយកុមារបានបើកទទួលកុមារឱ្យហូបអាហារជាធម្មតាវិញ ប៉ុន្តែនៅតែបន្ដកំណត់ចំនួនកុមារដែលមកហូបអាហារ ដោយបើកទទួលឱ្យហូបរៀងរាល់ថ្ងៃចាប់ពីម៉ោង០៧និង៣០នាទីព្រឹក រហូតដល់ម៉ោង១១ព្រឹក ដោយកំណត់ចំនួនកុមារមកហូបអាហារ ២០០ នាក់ក្នុងមួយថ្ងៃ ដោយចែកវេនគ្នាមកហូបដោយក្នុង០១វេនមានចំនួនកុមារពី១៥ នាក់ ទៅ២០នាក់តែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលបន្ទាប់ពីហូបរួច គឺក្រុមការងារនឹងដឹកយកកុមារត្រឡប់ទៅវិញ ទើបកុមារថ្មីមកហូបបន្តទៀត៕
ដោយ៖ សូរិយា