ខេត្តកណ្តាល : ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឈ្មោះថ្មីព្រោះចង់បង្ហាញថាប្រទេសកម្ពុជាជាប្រទេសរាជានិយមដែលរឹងមាំ និងថាការដាក់ថា «តេជោ» នេះមិនសំដៅ លើនាមរបស់សម្ដេចនោះទេតែសំដៅលើ មេទ័ពតេជោមាស តេជោយ៉ត មានធ្លាប់មានប្រវត្តិសាស្ត្រក្នុងទឹកដីខេត្តកណ្ដាលនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា៖ «ដាក់អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនសំដៅ លើខ្ញុំទេ គឺសំដៅ លើរាជានិយមព្រោះមានរាជានិយមទើបមានពាក្យតេជោ ឧកញ៉ា និងអ្នកឧកញ៉ា» ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ » ត្រូវបានសាងសង់នៅ ឆ្នាំ២០១៩ ដោយមានទុនវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា១០ភាគរយ និងក្រុមហ៊ុន OCIC របស់អ្នកវិនិយោគខ្មែរ៩០ភាគរយដែលមានតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក។
អាកាសយានដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅ ឆ្នាំ២០២៣ខាងមុខ និងដាក់ឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០២៥ ដែលនឹងអាចទទួលអ្នកដំណើរបានប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ។
តាមការឲ្យដឹងពីអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ទទួលការវិនិយោគលានយន្តហោះនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា, ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ, ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ, សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។ គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា៕
ដោយ : សុខ ខេមរា