នាយកការប្រកួត៖ គ្មានការលើកលែងផ្នែកវេជ្ជសាស្រ្តដល់កីឡាករវាយតឺន្នីសក្នុងកម្មវិធី Australian Open នោះទេ

ចែករំលែក៖

នាយកគ្រប់គ្រងការប្រកួតលោក Craig Tiley បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានកីឡាករវាយតឺន្នីសដែលសង្ឃឹមថានឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open មិនទាន់ទទួលបានការលើកលែងផ្នែកវេជ្ជសាស្រ្តពីការទទួលថ្នាំបង្ការនៅឡើយទេ។

លោក Tiley ក៏បាននិយាយផងដែរថា កីឡាករឆ្នើម Novak Djokovic ត្រូវបានដាក់ឈ្មោះក្នុងព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃពុធ មិនបានបង្កប់ន័យអ្វីអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងការពារ COVID-19 របស់គាត់ដែលកីឡាកររូបនេះបានបដិសេធមិនបង្ហាញដោយលើកឡើងពីភាពឯកជន។

លោក Tiley បានបន្ថែមថា “ដើម្បីឱ្យច្បាស់ គ្មាននរណាម្នាក់អាចលេងពានរង្វាន់ Australian Open បានទេ លុះត្រាតែពួកគេបានទទួលថ្នាំបង្ការ។ លក្ខខណ្ឌតែមួយគត់ដែលក្រៅពីការចាក់វ៉ាក់សាំង ដែលអ្នកអាចប្រកួតប្រជែងបានគឺប្រសិនបើអ្នកទទួលបានការលើកលែងផ្នែកវេជ្ជសាស្រ្តពីអាជ្ញាធរអូស្ត្រាលី។ ខ្ញុំ​បាន​ឃើញ​របាយការណ៍​ ហើយមិន​មាន​ការ​លើក​លែង​ផ្នែក​វេជ្ជសាស្រ្ដ​ដែល​ត្រូវ​បាន​ផ្តល់​នៅ​ពេល​នេះ​ទេ”។

លោក Tiley បានបញ្ជាក់ថា ការបង្ហាញខ្លួនក្នុងបញ្ជីឈ្មោះមិនមានផលប៉ះពាល់លើថា តើ Djokovic នឹងពិតជានៅទីក្រុង Melbourne ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមករា ដើម្បីប្រជែងយកជើងឯក Australian Open លើកទី១០ និងជើងឯកឯកត្តជន Grand Slam លើកទី២១ឡើយ។

ជាមួយគ្នានេះ កីឡាការិនីឆ្នើម Serena Williams មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​នោះ​ទេ ដោយ​បាន​សម្រេច​ចិត្ត​មិន​ប្រកួត​តាម​ការ​ណែនាំ​ពី​ក្រុម​ពេទ្យ​របស់​នាង ហើយកីឡាករ Roger Federer ក៏អាចអវត្តមានផងដែរ ដោយសារតែមិនទាន់ជា​សះស្បើយ​ពី​ការ​វះកាត់​ជង្គង់របស់គាត់។

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Djokovic បាននិយាយកាលពីសប្តាហ៍មុនថា គាត់នឹងធ្វើការសម្រេចចិត្តឆាប់ៗនេះអំពីថា តើត្រូវធ្វើដំណើរទៅអូស្ត្រាលីឬអត់? ឪពុករបស់គាត់ឈ្មោះ Srdjan បាននិយាយកាលពីខែមុនថា Djokovic ទំនងជាមិនលេងទេ ហើយបានពណ៌នាអំពីតម្រូវការចាក់វ៉ាក់សាំងថាស្រដៀងទៅនឹង “ការបង្ខូចកេរ្តិ៍ឈ្មោះ” ដែរ ៕ (រូបភាព ៖​ CNA/Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print