នាយកគ្រប់គ្រងការប្រកួតលោក Craig Tiley បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានកីឡាករវាយតឺន្នីសដែលសង្ឃឹមថានឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open មិនទាន់ទទួលបានការលើកលែងផ្នែកវេជ្ជសាស្រ្តពីការទទួលថ្នាំបង្ការនៅឡើយទេ។
លោក Tiley ក៏បាននិយាយផងដែរថា កីឡាករឆ្នើម Novak Djokovic ត្រូវបានដាក់ឈ្មោះក្នុងព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃពុធ មិនបានបង្កប់ន័យអ្វីអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងការពារ COVID-19 របស់គាត់ដែលកីឡាកររូបនេះបានបដិសេធមិនបង្ហាញដោយលើកឡើងពីភាពឯកជន។
លោក Tiley បានបន្ថែមថា “ដើម្បីឱ្យច្បាស់ គ្មាននរណាម្នាក់អាចលេងពានរង្វាន់ Australian Open បានទេ លុះត្រាតែពួកគេបានទទួលថ្នាំបង្ការ។ លក្ខខណ្ឌតែមួយគត់ដែលក្រៅពីការចាក់វ៉ាក់សាំង ដែលអ្នកអាចប្រកួតប្រជែងបានគឺប្រសិនបើអ្នកទទួលបានការលើកលែងផ្នែកវេជ្ជសាស្រ្តពីអាជ្ញាធរអូស្ត្រាលី។ ខ្ញុំបានឃើញរបាយការណ៍ ហើយមិនមានការលើកលែងផ្នែកវេជ្ជសាស្រ្ដដែលត្រូវបានផ្តល់នៅពេលនេះទេ”។
លោក Tiley បានបញ្ជាក់ថា ការបង្ហាញខ្លួនក្នុងបញ្ជីឈ្មោះមិនមានផលប៉ះពាល់លើថា តើ Djokovic នឹងពិតជានៅទីក្រុង Melbourne ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមករា ដើម្បីប្រជែងយកជើងឯក Australian Open លើកទី១០ និងជើងឯកឯកត្តជន Grand Slam លើកទី២១ឡើយ។
ជាមួយគ្នានេះ កីឡាការិនីឆ្នើម Serena Williams មិនស្ថិតនៅក្នុងបញ្ជីនោះទេ ដោយបានសម្រេចចិត្តមិនប្រកួតតាមការណែនាំពីក្រុមពេទ្យរបស់នាង ហើយកីឡាករ Roger Federer ក៏អាចអវត្តមានផងដែរ ដោយសារតែមិនទាន់ជាសះស្បើយពីការវះកាត់ជង្គង់របស់គាត់។
កីឡាករវាយតឺន្នីសលេខ១ពិភពលោក Djokovic បាននិយាយកាលពីសប្តាហ៍មុនថា គាត់នឹងធ្វើការសម្រេចចិត្តឆាប់ៗនេះអំពីថា តើត្រូវធ្វើដំណើរទៅអូស្ត្រាលីឬអត់? ឪពុករបស់គាត់ឈ្មោះ Srdjan បាននិយាយកាលពីខែមុនថា Djokovic ទំនងជាមិនលេងទេ ហើយបានពណ៌នាអំពីតម្រូវការចាក់វ៉ាក់សាំងថាស្រដៀងទៅនឹង “ការបង្ខូចកេរ្តិ៍ឈ្មោះ” ដែរ ៕ (រូបភាព ៖ CNA/Reuters)