ភ្នំពេញ : ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា នាពេលខាងមុខនេះ ក.ប.ទ. គ្រោងដំឡើងឧបករណ៍និងដាក់ឱ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដើម្បីលើកកម្ពស់គុណភាពសេវាទូរសព្ទនិងអ៊ីនធឺណិត និងការពារផលប្រយោជន៍សាធារណៈ ក៏ដូចជាជំរុញការធ្វើ អាជីវកម្មក្នុងវិស័យទូរគមនាគមន៍ ប្រកបដោយសុច្ចរិតភាពនិងការទទួលខុសត្រូវខ្ពស់។
ឧបករណ៍និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ផលិតដោយក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ សាធាណរដ្ឋសហព័ន្ធអាឡឺម៉ង់ និងចក្រភពអង់គ្លេស ដើម្បីជាជំនួយបន្ថែម សម្រាប់ក្រុមការងារប្រតិបត្តិ ចុះទៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស ក្នុងការវាស់ស្ទង់ តាមដាន វាយតម្លៃនិងចេញផ្សាយ របាយការណ៍ត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ តាមប្រព័ន្ធ Mobile App នេះ ប្រជាពលរដ្ឋអាចចូលរួមចំណែកជាមួយ ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) ក្នុងការ វាស់ស្ទង់គុណភាពសេវាទូរសព្ទដោយស្វ័យប្រវត្តិនិងអាចផ្ទៀងផ្ទាត់ ដោយខ្លួនឯងនូវល្បឿនអ៊ុនធឺណិត ដែលបានជាវ ពីប្រតិបត្តិករទូរគមនាគមន៍ ថាតើត្រឹមត្រូវឬទេ។
ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ក.ប.ទ. និង ន.ទ.ក. នឹងផ្ដល់កិច្ចសហការនិងប្រឹក្សាយោបល់ផ្នែកច្បាប់ នៅពេលអ្នកប្រើប្រាស់ មានបំណងប្ដឹងទាមទារការខាតបង់និងសំណងពីប្រតិបត្តិករទូរគមនាគមន៍។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាននិងចូលរួមសហការ៕