ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានទទួលអំណោយពីលោក ឈឿន មុនី អនុប្រធានថ្នាក់កណ្តាលក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ ដែលជាអំណោយលោក មាស សុភា ទេសរដ្ឋមន្រ្តីប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោកស្រី ។
ពិធីនេះប្រព្រឹត្តទៅក្នុង គេហដ្ឋានអភិបាលខេត្ត ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការរង ប្រធាន អនុប្រធានមន្ទីរ ជាច្រើនរូប។
ក្នុងឱកាសនោះ លោក ឈឿន មុនី បាននាំយកពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក មាស សុភា ជូនដល់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ។ លោកបានណែនាំក្នុងរដូវរងានេះថា សូមបងប្អូនថែរក្សាសុខភាព អនាម័យឲ្យបានខ្ជប់ខ្ជួន ពាក់អាវក្រាសៗ ព្រោះរដូវរងាអាចធ្វើឲ្យមានជំងឺដូចជាជំងឺផ្ដាសសាយ ផ្ដាសសាយធំជាដើម ត្រូវចូលរួមអនុវត្ត ៣កុំ ៣ការពារឲ្យបានទៀតទាត់និងគ្រប់ពេលវេលា។
ឆ្លើយតបនឹងអំណោយដ៏សប្បុរសនេះ
លោក ប្រាក់ សុវណ្ណ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកអនុប្រធានក្រុមការចុះជួយខេត្ត ពិសេសចំពោះលោកទេសរដ្ឋមន្ត្រីដែលនាំយកអំណោយ សម្ភារៈដូចជាអាវ១៦០០ ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ។
លោក សុវណ្ណ បានបន្ថែមទៀតថា ទាំងនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ចូលរួមអំពីក្ដីកង្វល់របស់ប្រមុខ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋបាលខេត្ត ។ លោកថា អាវទាំងនេះពិតជាមានសារៈ សំខាន់ខ្លាំងណាស់ សម្រាប់សម្រួលដល់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែល កំពុងខ្វះខាត គ្មានទីពឹង នៅតាមបណ្ដាក្រុង/ស្រុក ក្នុងខេត្តព្រះវិហារ នារដូវរងានេះ ៕
ដោយ៖ វណ្ណៈ