ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះអង្គបានសព្វព្រះហទ័យយាងបំពេញព្រះកុសលបូជាគ្រឿងសក្ការៈ និងទេយ្យទានថ្វាយសម្តេច​ព្រះអភិសិរី​សុគន្ធា​មហាសង្ឃរាជា​ធិបតី

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃឧបោសថសីល ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានសព្វព្រះហទ័យយាងបំពេញព្រះកុសលបូជាគ្រឿងសក្ការៈ និងទេយ្យទានថ្វាយសម្តេច​ព្រះអភិសិរី​សុគន្ធា​មហាសង្ឃរាជា​ធិបតី កិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះមហាសង្ឃរាជ នៃគណៈ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជាដើម្បីឧទ្ទិសថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះវរបិតា ។

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។
សូមរម្លឹកថា, «ព្រះពិធីយាងព្រះអង្គារបំប្លែងនាទន្លេចតុមុខ» គឺប្រារព្ធធ្វើឡើង នាវេលារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីបានបញ្ចប់ព្រះពិធីចេញព្រះមេរុ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គារ (ធ្យូងដែលនៅសល់ពីការថ្វាយព្រះភ្លើង) បានយាងដង្ហែចេញពីព្រះមេរុ មកគង់ប្រថាប់លើព្រះទីនាំងវរជ័យ ហើយយាងដង្ហែបំប្លែងនៅកណ្តាលទន្លេចតុមុខ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print