លោករដ្ឋមន្ត្រី សាយ សំអាល់ ជួបពិភាក្សាការងារជាមួយលោកស្រី អាលីសា ឆែកគ័រ Allisar Chaker នាយកប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អាលីសា ឆែកគ័រ Allisar Chaker នាយកប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅកម្ពុជាកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលក្រសួងបរិស្ថានបានធ្វើជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ លោករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចការដែលក្រសួងបរិស្ថាន បាននិងកំពុងធ្វើទាំងក្របខ័ណ្ឌគោលនយោបាយ ផែនការសកម្មភាព និងការអនុវត្តជាក់ស្តែងសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន តាមរយៈការរៀបចំទីលានចាក់សំរាម ការកសាងអាងប្រព្រឹត្តកម្មទឹក ការបំពាក់ឧបករណ៍ចម្រោះទឹកស្អាតនៅតាមសាលារៀន វត្តអារាម រដ្ឋបាលសាធារណៈ ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគិតគូរពីគុណភាព និងសុវត្ថិភាពចំណីអាហារជាដើមជាការរួមចំណែកគិតគូរសុខុមាលភាពមនុស្ស និងការកសាងធនធានមនុស្ស ស្របទៅនឹងការវិវត្តរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងបរិស្ថានកម្ពុជានាពេលខាងមុខ។

លោករដ្ឋមន្ត្រីបានលើកឡើងពីការរៀបចំក្រមបរិស្ថានដែលមានសារៈសំខាន់ សម្រាប់ការការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីគូសបញ្ជាក់ពីការអភិរក្សធនធានធម្មជាតិដែលកាន់តែមានភាពល្អប្រសើរឡើង និងបានលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្ត ហើយប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងនិងពលរដ្ឋបានដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ធម្មជាតិ។

លោកស្រី Allisar Chaker បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបតិ្តការដ៏មានផ្លែផ្ការវាងកម្ពុជា នឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិលើវិស័យបរិស្ថានកន្លងមក ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានជាវិជ្ជមាន។ លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានក្នុងកិច្ចការជាច្រើនក្នុងនោះមានយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ ការប្រើប្រាស់ថាមពលស្អាត និងអព្យាក្រឹត្យភាពផ្នែកកាបូនជាដើម។ លោកស្រីបានគូសបញ្ជាក់ថាកម្ពុជាគឺជាដៃគូរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងជាដៃគូប្រកបដោយការទុកចិត្ត និងគោរពគ្នាទៅវិញទៅមក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print