លទ្ធផលនៃកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះជាផ្លូវការនូវលទ្ធផលនៃកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ លើផេក ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់លោកជំទាវ Elizabeth Truss រដ្ឋមន្ត្រី ការបរទេស កំមិនវែល និងអភិវឌ្ឍន៍ និងជារដ្ឋមន្ត្រីកិច្ចការនារី និងសមភាព នៃចក្រភពអង់គ្លេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការ បរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ដែលបានរៀបចំឡើងនៅទីក្រុងលីវីភូល ចក្រភពអង់គ្លេស។

កិច្ចប្រជុំបានគូសបញ្ជាក់អំពីតម្រូវការដើម្បីជំរុញឱ្យកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រទេស G7 សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ ប្រជាជន សម្រាប់សន្តិភាព និងវិបុលភាពរួម កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗមួយ ចំនួនត្រូវបានលើកយកមកពិភាក្សា ជាពិសេស …មធ្យោបាយដើម្បីពន្លឿនការទទួលបានវ៉ាក់សាំង និងការលើកកម្ពស់សន្តិសុខសុខភាពសកល បច្ចេកវិទ្យាឌីជីថល ការវិនិយោគលើវិស័យហេដ្ឋារចនា សម្ព័ន្ធ ការដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ការពង្រីកពាណិជ្ជកម្ម សន្តិសុខតំបន់ រួមទាំងបញ្ហាលំហសមុទ្រផងដែរ។ ជាទូទៅ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវ ឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ស្របតាមទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) និងវិស័យអាទិភាពចំនួនបួនដែលមានចែងនៅក្នុងនោះ។

លោកឧបនាយករដ្ឋមន្តី បានគូសបញ្ជាក់ពីសារសំខាន់នៃស្មារតីអាស៊ានក្នុងនាមជា គ្រួសាររួបរួមគ្នាដែលមានសមាជិកចំនួនដប់ប្រទេស ដែលស្មារតីនេះ គឺជាកត្តាជំរុញនៃមូលបទរបស់ ប្រធានអាស៊ានឆ្នាំ ២០២២ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីចំនុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសុបិន្តល សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន នៅឆ្នាំក្រោយ ព្រមទាំងការយកចិត្តទុកដាក់បន្ទាន់ ចំពោះការបង្កើតឱ្យមានដំណើរការប្រកបដោយសន្តិវិធីក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់មាន ដែលគួរតែជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី បាន ជម្រាបជូនអង្គប្រជុំអំពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមខែមករា ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនៃកិច្ចព្រម ព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា របៀបវារៈ កំពូលរបស់កម្ពុជា គឺបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និង ទំនុកចិត្តផ្នែកនយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវមូលដ្ឋានគ្រឹះរួម គ្នាមួយ លើដំណើរការឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា និងទទួលបាននូវការឯកភាពគ្នាក្នុង ចំណោមភាគីពាក់ព័ន្ធ សម្រាប់ការពន្លឿនការផ្ដល់ជំនួយមនុស្សធម៌ទៅដល់អ្នកដែលខ្វះខាតបំផុត។

អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អាស៊ាន និងក្រុមប្រទេសG7 រួមគ្នា បានបង្កើតនូវសន្ទុះល្អលើគំនិតផ្តួចផ្តើមការតភ្ជាប់ជាច្រើន។ ឧទាហរណ៍ មួយក្នុងចំណោមនោះគឺ ការបិទបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយ អាស៊ាន-សហភាពអឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងទាំងឡាយដែល អាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាមួយចំនួនមកពីក្រុមប្រទេស G7 គឺជាសុទ្ឋតែគម្រោងវិស័យ ដែលអាចធ្វើសំយោគបានជាមួយនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥។

សម្រាប់បញ្ហាសន្តិសុខ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា អាស៊ានជានិច្ច ជាកាល គឺជាអង្គការតំបន់ដែលសម្លឹងមើលទៅខាងក្រៅ ហើយចាត់ទុកសណ្ដាប់ធ្នាប់តំបន់ដែល យកអាស៊ានជាស្នូល ជាគោលគ្រឹះនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភព លោក។ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាឈរលើគោលការណ៍រួបរួម សម្រាប់កិច្ចសហប្រតិបត្តិការ និងមិនមែនរួបរួមសម្រាប់ការប្រឈមមុខដាក់គ្នានោះទេ ស្របពេល ជំរុញឱ្យមានតម្រូវការធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់ការជឿជាក់និងការទុកចិត្តគ្នា និងពួតដៃគ្ន ដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមផ្សេងៗ ដែលការធ្វើដូចនេះ គ្រប់រដ្ឋទាំងអស់ មិនថាជារដ្ឋ តូច ឬធំ អាចរស់នៅជាមួយគ្ន ជាមួយការប្រកួតប្រជែងដើម្បីភាពល្អប្រសើរទាំងអស់គ្នា៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print