ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងពីប្រវត្តិកម្ពុជា ដែលធ្លាប់រងគ្រោះដោយសង្រ្គាម ដ៏រ៉ាំរ៉ៃ ក្នុងនោះលោកបញ្ជាក់ថា, ប្រជាជននៃព្រះរាជាណាចក្រនេះ បានទទួលនូវទុក្ខវេទនា ក្តីឈឺចាប់ ការបាត់បង់ជីវីត ក្តីវិនាសព្រាត់ប្រាស់ក្រុមគ្រួសារញាតិ្តមិត្ត និងការបំផ្លិចបំផ្លាញផ្ទះសំបែងភូមិឋានកេរ្តិ៍មរតកដូនតា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័រូបវន្តគ្រប់រូបភាព គ្រប់រសជាតិ រួមទាំងបំផ្លាញស្មារតីឆន្ទះមនសិការធនធានសង្គមមនុស្សខែ្មរស្ទេីររលាយសាបសូន្យ! ។
លោកអគ្គនាយកបន្តថា, ឆ្លងកាត់សង្គ្រាម គ្រប់គ្នាយល់ច្បាស់ថា គ្មានទេអ្វីដែលហៅថាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គមស្អីនោះ សំបូរតែពាក្យ”បដិវត្តន៍ សមរភូមិ កំទេចខ្មាំងនេះខ្មាំងនោះ”! អាវុធយុទ្ធភណ្ឌដែលបានប្រេីប្រាស់នៅកម្ពុជា មានស្ទេីគ្រប់ប្រភេទរួមទាំងអាវុធគីមីផងដែរ លេីកលែងតែអាវុធនុយក្លេអ៊ែប៉ុណ្ណោះ! អាវុធទាំងនោះ មានប្រភពមកពីគ្រប់ទិសទីលេីពិភពលោក មាននៅសល់ទាំងក្នុងទឹក ក្នុងដី និងលេីដី! អាវុធយុទ្ធភណ្ឌ មិនមែនសម្រាប់ភ្ជួរស្រែចំការនិងបង្កេីនជីវភាពសេដ្ឋកិច្ចគ្រួសារស្អីនោះទេ គឺសម្រាប់តែបំរេីគោលដៅសង្គ្រាមសម្លាប់មនុស្សសត្វ បំផ្លាញធម្មជាតិតែមួយមុខប៉ុណ្ណោះ!។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៏សូម អរគុណសន្តិភាពនៅកម្ពុជានិងស្ថាបនិកឯកសន្តិភាពសម្តេចតេជោ បង្កបង្កេីតឱកាសឱ្យយុវជនកម្ពុជាចូលតែសាលារៀន មិនចូលសមរភូមិប្រយុទ្ធស្លាប់រស់ព្រោះតែមនោគមន៍វិទ្យាបរទេសទៀតឡេីយ! ៕