ភ្នំពេញ÷នៅថ្ងៃទី១៤ ធ្នូ ២០២១ រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់បានអោយដឹងថា សម្តេចបានដឹកនាំគណៈកម្មាធិការជាតិCAMSOC ប្រជុំត្រួតពិនិត្យការងារចុងក្រោយសម្រាប់ត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។
គួរបញ្ជាក់ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងជាតំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ពហុកីឡដ្ឋានជាតិមរតតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីងពីង ដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាមេរិក។
សំណង់ប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អាគារ ៨៦,០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី ហើយសមិទ្ធផលស្ដង់ដារអន្ដរជាតិនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕