ឥណ្ឌូនេស៊ីព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិត៧,៥ រ៉ិចទ័រ

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៤ខែធ្នូ មានការរញ្ជួយដីជាទ្រង់ទ្រាយធំកើតឡើងនៅតំបនសមុទ្រនៃប្រទេសឥណ្ឌនេស៊ី បង្ខំឱ្យមន្ត្រីក្នុងតំបន់ត្រូវប្រកាសអាសន្នពី រលកយក្សស៊ូណាមិ ។ តាមការលើកឡើងរបស់ក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិក (USGS) បានប្រកាសថា ការរញ្ជួយដីមានកម្រិតដល់ទៅ ៧,៣រ៉ិចទ័រ កើតឡើងនៅវេលាម៉ោង ១០ និង២០នាទី ព្រឹកថ្ងៃទី១៤ខែធ្នូ ។ ជាមួយគ្នានេះដែរមជ្ឈមណ្ឌលត្រួតពិនិត្យតាមដានរលកយក្សស៊ូណាមិអាស៊ីប៉ាស៊ីហ្វិកបានព្រមានថានឹងមានរលកយក្សបង្កការខួចខាត ។ ការរញ្ជួយដីកើតឡើងនៅ ដែនសមុទ្រនៅតំបន់ប្រជុំកោះ East Nusa Tenggara ស្ថិតនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌូនេស៊ី។ ដោយឡែក បើតាមមជ្ឈមណ្ឌលអង្កេតគ្រោះរញ្ជួយដីរបស់អឺរ៉ុប (EMSC) វិញបានឱ្យដឹងថា គ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីខាងលើនេះ មានកម្រិតរហូតដល់ទៅ៧.៧រ៉ិចទ័រឯណោះ ដោយវាបានញ័ររញ្ជួយចេញពីក្នុងដីជម្រៅ៥គីឡូម៉ែត្រ។ ពេលកើតឡើងភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការគំរាម ឬការខូចខាតដែលអាចកើតមានឡើងនៅឡើយទេ។ បើតាមប្រជាជនឥណ្ឌូនេស៊ីម្នាក់ ដែលរស់នៅលើកោះ Flores នៃតំបន់ East Nusa Tenggara បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះថា «គ្រប់គ្នាបានរត់ទៅឈរតាមដងផ្លូវ ដើម្បីសុវត្ថិភាព… ខ្ញុំបានទទួលអារម្មណ៍ហាក់ដូចជាកំពុងស្ថិតនៅលើរលកឡើងចុះៗ»។ អាជ្ញាធរឥណ្ឌូនេស៊ី ស្ថិតក្នុងតំបន់រងគ្រោះខាងលើនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីបានអូសបន្លាយចាប់ពី ២ ទៅ ៣នាទី រួចទើបប្រជាជននានាចាប់ផ្តើមចាកចេញពីលំនៅឋាន និងអគារនានា មកឈរកកកុញនៅតាមទីវាល និងដងផ្លូវដើម្បីសុវត្ថិភាព។ បើតាមការបង្ហោះនៅលើបណ្តាញសង្គម ប្រជាជនដែលរស់នៅទីក្រុង Makassar នៃខេត្ត South Sulawesi ក៏បានទទួលរងឥទ្ធិពលពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រខាងលើនេះផងដែរ៕ ដោយសាធី

...

រូបថត៖thanhnien.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print