ខេត្តសៀមរាបរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅសួនច្បារមហាសណ្ឋាគារអង្គរ

ចែករំលែក៖

ខេត្តសៀមរាប : នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ខេត្តសៀមរាបបានប្រារព្ធធ្វើពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ “សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” គឺមានអត្ថន័យស្មើនឹងការព្រមានដល់ជនល្មើសថា បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តអំពើជួញដូរមនុស្ស ជាដាច់ខាត។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការខេត្ត ដោយមានការនិមន្តនិងអញ្ជើញ របស់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង រាជាគណៈថ្នាក់ទោ និងជាព្រះមេគណខេត្ត និង ព្រះថេរានុត្ថេរៈ អស់លោក លោកស្រី ប្រតិភូតំណាងមកពីបណ្តាខេត្តចំនួន៤ផ្សេងទៀត គឺបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និង អង្គការអន្តរជាតិ និង អង្គការសង្គមស៊ីវិល ជាដៃគូមួយចំនួនទៀត ក៏មានវត្តមានចូរួមផងដែរ ។

បន្ទាប់ពីការអាក់ខានក្រោមវិបត្តិនៃជម្ងឺឆ្លងកូវីដ-១៩ កម្មវិធីទិវាជាតិ ប្រឆាំងការជួញដូរមនុស្ស ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ (ថ្ងៃទី១២ខែធ្នូ ) ដើម្បីធ្វើជាយុទ្ធនាការបំផុសការយល់ដឹងអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដើម្បីដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព។ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានការចូលរួមពីបណ្តាមន្ទីរ-អង្គភាព ជាសមាជិកគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិនានា បាននិងកំពុងរួមគ្នាធ្វើសកម្មភាពឥតឈប់ឈរ ប្រកបដោយការលះបង់ខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ 

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានលើកឡើងដែរថា៖ អ្វីដែលនៅតែជាការព្រួយបារម្ភនោះគឺ ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេង-ប្រវ័ញ្ច និងជួញដូរមនុស្ស ។ 

លោកស្រី ជូ ប៊ុនអេង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីលះបង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមគ្នាឥតសំចៃ បើទោះបីជាមានឧបសគ្គ ជួបប្រទះបញ្ហាប្រឈម និងការលំបាកធ្ងន់ធ្ងរយ៉ាងណាក៏ដោយ  ក៏បានយកតំណាក់កាលរាតត្បាតកូវីដ-១៩ ដោយប្រើដៃម្ខាងទៀតបង្ការទប់ស្កាត់ ការពារ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងបានប្រើជាឱកាសស្តារ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាពិសេសវិស័យទេសចរណ៍ ។ 

លោកស្រី ក៏បានបញ្ជាក់ថា ឆ្នាំនេះការប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឡើងវិញ ក្រោមប្រធានបទ “សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” គឺស្មើនឹងសារព្រមានដល់ជនល្មើស ថា រាជរដ្ឋាភិបាល នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តអំពើជួញដូរមនុស្ស ទោះជាក្នុងកាល់ទេសៈណាក៏ដោយ ។  លោកជំទាវ ក៏បានបង្ហាញផងដែរ នូវមោទកភាពចំពោះខេត្តសៀមរាប ដែលទទួលបានចំណាត់លេខ១ រយៈពេល៤ឆ្នាំជាប់ៗគ្នា លើប្រតិបត្តិការទប់ស្កាត់និងប្រឆាំងអំពើជួញដូរមនុស្ស។ តែយ៉ាងណាក៏ដោយ លោកជំទាវនៅតែបន្តការអំពាវនាវ សូមប្រជាពលរដ្ឋគ្រប់រូប កុំចាញ់បោកការអូសទាញ បោកបញ្ឆោតពីមេខ្យល់ និងជនល្មើស ឲ្យធ្លាក់ចូលទៅក្នុងភាពរងគ្រោះ ដោយអំពើជួញដូរនិងកេងប្រវ័ញ្ចគ្រប់រូបភាព ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងមនុស្សគ្រប់វ័យតាមប្រព័ន្ធបច្ចេកវិទ្យា អ៊ិនធ័រណេត ការអូសទាញឆ្លងដែនដោយប្រថុយប្រថាន រកការងារ មុខរបរ ឬគូស្រករនៅក្រៅប្រទេស ការទាក់ទាញឲ្យជួលពពោះជំនួស ដើម្បីលក់ ទិញ ទារកនាំឆ្លងដែន និងការលក់ទិញ ឬដកហូតសរីរាង្គជាដើម។ លោកជំទាវបានបន្តទៀតថា  រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព មិនអនុញ្ញាតឲ្យជនល្មើស ធ្វើការរំលោភបំពាន និងកេងប្រវ័ញ្ចលើមនុស្សផងគ្នា និងបង្កើតជាសម័យកាលនៃទាសភាពបែបថ្មីឡើងវិញនោះទេ និងសូមអំពាវនាវឲ្យមានការចូលរួមពេញទំហឹង ពីប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរ សមត្ថកិច្ច សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ចូលរួមសហការ និងគាំទ្រឲ្យបានពេញទំហឹងក្នុងការបង្ការ បង្រ្កាប ផ្តន្ទាទោស សង្គ្រោះ និងការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print