ខេត្តព្រះសីហនុ ៖ លោក ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៥ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូខនហ្វើរិន នៅក្រុងព្រះសីហនុ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការរប្រលងប្រណាំងជ្រើសរើសជើងឯកទូកក្តោងអាស៊ាន South East Asian Sailing Championship (SEAS)។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន ប្រទេសបូកបី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន មជ្ឍមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក US-ABC (VISA, Agoda and Google….) ដែលមានសមាសភាពប្រមាណជាង១៥០នាក់ តាមប្រព័ន្ធវីដេអូខនហ្វើរិនដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ។
ដើម្បីគាំទ្រការបើកទទួលស្វាគមន៍ទេសចរអន្តរជាតិមកទស្សនាកំស្សាន្តតំបន់អាស៊ានឡើងវិញ ស្ថាប័នជាតិទេសចរណ៍អាស៊ាន និងដៃគូបានពិភាក្សា និងឯកភាពគ្នាដូចតទៅ៖
១៖ រៀបចំសកម្មភាពការងារដើម្បីអនុវត្តផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញក្រោយវិបត្តកូវីដ-១៩ ឆ្នាំ២០២១-២០២៥។
២៖ ការរៀបចំ និងបង្កើតក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍគោលទេសចរណ៍អាស៊ានប្រកបដោយចីរភាព ដោយផ្អែកលើការសិក្សាវាយតម្លៃលើទំហំប៉ះពាល់លើវិស័យទេសចរណ៍អាស៊ានដោយសារវិបត្តិកូវីដ-១៩ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា ស្របតាមស្មារតីនៃសេចក្តីថ្លែងការភ្នំពេញស្តីពីការអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់កាន់តែប្រសើរឡើង ឆ្ពោះទៅអនាគតរួមគ្នា។
៣៖ ការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥។ គួរបញ្ជាក់ថា ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ របស់ក្រសួងទេសចរណ៍កម្ពុជាបានគ្របដណ្តប់នៅក្នុងផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន២០២១-២០២៥ផងដែរ។
៤៖ ការរៀបចំគោលការណ៍អាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន ក្នុងគោលដៅផ្តល់ឱកាសដល់ឲ្យអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ានដែលគ្មានសញ្ញាបត្របញ្ជាក់ការសិក្សា ប៉ុន្តែពួកគាត់មានបទពិសោធន៍ការងារ និងចំណេះដឹងក្នុងការងារអនុវត្តផ្ទាល់ ក្នុងការទទួលបានសញ្ញាបត្របញ្ជាក់ជំនាញរបស់ពួកគាត់។
៥៖ ការអនុវត្តម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសហគមន៍ ក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២។
៦៖ ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ អាស៊ាននឹងដាក់ចេញឯកសារមគ្គុទ្ទេសក៍ស្តីពីការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន។
៧៖ ការរៀបចំឲ្យមានគំនិតផ្តួចផ្តើមរួមក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ស្របតាមសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីទេសចរណ៍ឌីជីថល ដែលបានដាក់ចុះដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
៨៖ ជំរុញឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍សំខាន់ៗដូចជាសៀមរាប និងព្រះសីហនុជាដើម។
សូមបញ្ជាក់ថា ឯកសារខាងលើនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដើម្បីសុំការណែនាំ និងតម្រង់ទិសសម្រាប់ការអនុវត្តក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀត៕
ដោយ : សិលា