ខេត្តសៀមរាប ; លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ថា, ៦៥%ក្នុងចំណោមផ្ទះសរុបជាង១មុឺនខ្នងនៅក្នុងស្រុកបន្ទាយស្រីមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ។ តែបើសំឡឹងមើលពីជ្រុងមួយទៀត ទិន្នន័យនេះក៏មានន័យថា នៅសល់ប្រជាពលរដ្ឋរស់នៅក្នុងផ្ទះជាង៣៥០០ខ្នងទៀត ដែលកំពុងតែបន្ទោរបង់ពាសវាលពាលកាលនៅតាមដុបតាមព្រៃ និងមិនទាន់មានបង្គន់ប្រើប្រាស់នៅក្នុងផ្ទះនៅឡើយ។ ស្តាប់ទៅគួរឱ្យចង់សើច តែវាមិនមែនជារឿងតូចតាចនោះទេ។
លោកអភិបាលបានលើកឡើងថា, ក្នុងនាមជាស្រុកទេសចរណ៍ និងជាស្រុកដែលតែងតែឱ្យតម្លៃខ្ពស់ទៅលើការងារបរិស្ថានអនាម័យ កង្វះខាតសូម្បីតែបង្គន់ប្រើប្រាស់នៅតាមផ្ទះបានឆ្លុះបញ្ចាំងពីបញ្ហាសុីជម្រៅផ្សេងៗទៀត ដែលចាំបាច់ត្រូវតែរកវិធីដោះស្រាយឱ្យខាងតែបាន។
លោកបន្តថា, ថ្ងៃនេះសប្បាយចិត្តដែលបានជួបប្រជុំពិភាក្សាជាមួយក្រុមការងារមកពីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យស្រុកបន្ទាយស្រីក្លាយជាស្រុកដែលមានប្រជាពលរដ្ឋបញ្ឈប់ការបន្ទោរបង់ពាសវាពាសកាល(Open Defecation Free – ODF) ត្រឹមដំណាច់ឆ្នាំ២០២២ខាងមុខនេះ។ មិនមែនជារឿងសាមញ្ញទេក្នុងការធ្វើឱ្យផ្ទះ៣៥០០ខ្នងអាចមានបង្គន់ប្រើប្រាស់គ្រប់ៗផ្ទះក្នុងរយៈពេលត្រឹមតែ១ឆ្នាំ តែក៏ជារឿងមិនអាចទទួលយកបានដែរ ដែលស្រុកទេសចរណ៍ដូចជាស្រុកបន្ទាយស្រីនៅមានប្រជាពលរដ្ឋច្រើនបែបនេះ ដែលមិនទាន់អាចយល់បានពីសារៈសំខាន់នៃអនាម័យសុខភាពមូលដ្ឋាននៅឡើយ។
លោកអភិបាលបានគូសបញ្ជាក់ថា, ប្រសិនបើមានការចូលរួមទូលំទូលាយពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល ខ្ញុំជឿជាក់ថាយើងនឹងអាចសម្រេចគោលដៅមួយនេះបាន ហើយបើទោះជាមិនអាចសម្រេចបាន១០០% ក៏គួរធ្វើវាបានក្នុងអត្រាលើសលុបណាមួយដែរ ដើម្បីលើកកម្ពស់ភាពថ្លៃថ្នូរ និងភាពសុីវីល័យនៃគុណភាពជីវិតនៅតាមទីជនបទ ឱ្យស័ក្តិសមជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកទេសចរណ៍មួយផងដែរ៕
ដោយ : សិលា