ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណ: និងមន្ត្រីជំនាញបានចុះសិក្សាលទ្ធភាពដំឡើងទីតាំងស្ថានីយសាករថយន្តអគ្គិសនីនៅខេត្តបាត់ដំបង និងសៀមរាប។
ការចុះពិនិត្យនេះធ្វើឡើងស្របទៅតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” ក្នុងនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃរថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ក្នុងការចូលរួមចំណែកដល់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) និងបានបន្ថែមថា៖ យើងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVs នៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយសាករថយន្តអគ្គិសនី កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។
ស្របពេលជាមួយគ្នានោះដែរ សូមជម្រាបជូនថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP គ្រោងផ្តល់ជូនស្ថានីយសម្រាប់សាកយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៥ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត តាមការស្នើសុំរបស់លោកទេសរដ្ឋមន្ត្រី ដែលក្នុងនោះ២ទីតាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ជាអំណោយលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យងាកមកចាប់អារម្មណ៍លើការប្រើយានយន្តដើរដោយថាមពលអគ្គិសនីក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន៕
ដោយ៖សហការី