ភ្នំពេញ : រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញនាំចូលនាំចេញព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលចិន-កម្ពុជា។ នេះជាការបញ្ចេញអោយដឹងពី ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។
ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានបន្តថា, នាថ្ងៃទី១៧ខែធ្នូ រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញនាំចូលនាំចេញក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងកំណត់ត្រឹមត្រូវនូវទីកន្លែងផលិតទំនិញនាំចូលនាំចេញក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើ ជំរុញការប្រាស្រ័យទៅវិញទៅមកនៃសេដ្ឋកិច្ចពាណិជ្ជកម្មចិននិងកម្ពុជា។ ហើយវិធីសាស្រ្តខាងលើនេះនឹងចូលជាធរមាននាថ្ងៃទី១ខែមករាឆ្នាំ២០២២ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា, ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានខិតខំ ដើម្បីព្យាយាមនាំផលិតផលរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែដោយវិបត្តិកូវីដ 19 ធ្វើឲ្យមានករណី មួយចំនួនបានកើតឡើងដល់ប្រជាពលរដ្ឋ ខកខានក្នុងការនាំចេញទាំងផលិតផលក៏ដូចជាផ្លែឈើជាដើម ៕