អាមេរិក អង់គ្លេស មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់គួរឱ្យបារម្ភ

ចែករំលែក៖

ករណីឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់មិនធ្លាប់មាន ពិសេសនៅក្នុងរដ្ឋញូវយ៉ក ដែលមានករណីឆ្លងជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះដែរនៅទូទាំងសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ១៦៣,៧០៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៦៥៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងដល់ ៥១,៦១០,២៨១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២៦,៧១៩នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៤៧លាននាក់។ បន្ទាប់ពីបានជួបពិភាក្សាជាមួយទីប្រឹក្សាផ្នែកសុខាភិបាលសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ លោក ចូ បៃឌិន បានប្រកាសប្រាប់ប្រជាជនថា ការចាក់វ៉ាក់សាំងដូសជំរុញមិនមែនជារឿងថ្មីឡើយ ដូច្នេះលោកអំពាវនាវឱ្យប្រជាជនទាំងឡាយប្រញាប់ទៅទទួលការចាក់ឱ្យបានលឿនបំផុត។ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា «យើងកំពុងសម្លឹងមើលឃើញរដូវរងាដែលពោរពេញដោយអ្នកជំងឺឈឺធ្ងន់ និងស្លាប់… ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញ រួចចាក់បន្ថែមដូសជំរុញទៀតនោះ អ្នកអាចការពារខ្លួនឯងពីការឈឺធ្ងន់ និងស្លាប់បាន»។ ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩៣,០៤៥ករណីបន្ថែមទៀត ដែលបង្កឡើងដោយការឆ្លងរាលដាល យ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានឱ្យដឹងថា រដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំ គណៈកម្មាធិការសង្គ្រោះបន្ទាន់មួយ ស្ដីពីវីរុសបំប្លែងថ្មី Omicron នៅចុងសប្តាហ៍នេះ ជាមួយនឹងរដ្ឋបាលនៃប្រទេសស្កុតឡែន (Scotland), វែល (Wales) និងអៀរឡង់ខាងជើង (Northern Ireland)។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលប្រទេសស្កុតឡែនបាននិយាយថា វីរុសបំប្លែងថ្មី Omicron បាននិងកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាព និងសេដ្ឋកិច្ច។ បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស ករណីឆ្លងវីរុសបំប្លែងថ្មី Omicron កំពុងកើនឡើងទ្វេដងក្នុងរយៈពេលមិនដល់០២ថ្ងៃនោះឡើយ នៅគ្រប់តំបន់ទាំងអស់នៃប្រទេសអង់គ្លេស ក្រៅពីភាគនិរតី។ វីរុសនេះត្រូវបានប៉ាន់ប្រមាណរួចហើយថា មានចំនួនច្រើនជាង ៨០ភាគរយនៃករណីឆ្លងថ្មីៗនៅទីក្រុងឡុងដ៍៕ដោយសាធី

...

រូបថត៖kinhtedothi.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print