ខេត្តសៀមរាប: តោះ! ទៅមើលព្រះច័ន្ទពេញវង់រះរំលងភ្នំនៅភូមិលំហែសសី ក្នុងល្ងាចថ្ងៃបុណ្យបង្ហោះខ្លែងស្អែកនេះទាំងអស់គ្នា! កុំភ្លេចដាក់កន្ទេល និងខ្ចប់ម្ហូបអាហារយកមកពិកនិកផង! នេះជាការថ្លែងរបស់ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។
លោកបន្តថា, “សសី”មានន័យថាពន្លឺព្រះចន្ទ័ ហើយឈ្មោះនេះប្រហែលជាបានមកពីចំណុចពិសេសមួយ ដែលអ្នកភូមិតែងចំណាំមើល ឱ្យតែដល់ល្ងាចថ្ងៃ១៥កើត នឹងមានព្រះច័ន្ទពេញវង់រះចេញពីក្រោយជួរភ្នំគូលែន បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលមួយនាពេលរាត្រី គួរឱ្យចង់គយគន់។ សសីក៏ជាភូមិបុរាណមួយដែលមានប្រវត្តិមិនតិចជាង១០០០ឆ្នាំឡើយ ដែលជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដ៏ធំមួយនាដើមសម័យអង្គរ ហើយស្ថានីយទ្បដុតកុលាលភាជន៍បុរាណជាច្រើនត្រូវបានគេរកឃើញនៅក្នុងភូមិមួយនេះផងដែរ។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា,ស្អែកនេះជាថ្ងៃទី១៥កើត ថ្ងៃព្រះច័ន្ទពេញបូណ៌មី ហើយក៏ជាថ្ងៃនៃពិធីបុណ្យបង្ហោះខ្លែងនៅភូមិសសីនៃស្រុកបន្ទាយស្រីដែរ។ រហូតមកដល់ពេលនេះ មានខ្លែងឯកជាងម្ភៃហើយ ដែលនឹងត្រូវបានយកមកចូលរួមក្នុងពិធីបុណ្យសហគមន៍មួយនេះ ហើយនៅសល់ប្រភេទខ្លែងផ្សេងៗជាច្រើនទៀតក៏នឹងចូលរួមផងដែរ។
សូមបញ្ជាក់ថា, ៖ កម្មវិធីនឹងចាប់ពីម៉ោង២រសៀលតទៅ ផ្តើមពីការដង្ហែរខ្លែងឯក និងបញ្ចប់នៅម៉ោង៨ល្ងាចក្រោយកម្មវិធីមើលព្រះច័ន្ទរះ ដោយមានក្រុមតន្ត្រីរាំវង់ស្គរដៃរបស់សហគមន៍ប្រគំជូនរហូតដល់ចប់កម្មវិធី។ ក្រុមការងារនឹងមានរៀបចំស្តង់លក់ខ្លែង និងអាហារសម្រន់ខ្លះៗ តែអ្នកចូលរួមអាចយកកន្ទេល និងខ្ចប់ម្ហូបអាហារមករៀងៗខ្លួនបាន។
សូមរម្លឹកថា, នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ២រសៀល
ទីតាំងបុណ្យខ្លែងបន្ទាយស្រី ភូមិលំហែសសី ..,
ទៅលេងបន្ទាយស្រី ៕
ដោយ: សិលា