ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសៅរ៍ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ,លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុង ស្រុក កងកម្លាំង មន្ត្រីរាជការ និងយុវជន បាននាំយកកូនឈើចម្រុះសរុបចំនួន៤១៦០ដើម (ដើមឬស្សី ត្នោត និងរាំងទឹក) ចុះដាំនៅលើផ្ទៃដីដែលបានទន្ទ្រានកាន់កាប់ ហើយត្រូវបានដក់ហូតជាកម្មសិទ្ធរបស់រដ្ឋវិញ នៅតាមព្រំប្រទល់ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ បឹងទន្លេសាប នៅចំណុចភូមិសាស្រ្តកោះខ្សាច់ ភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា កូនឈើខាងលេីនេះរួមមាន៖
.ដើមឬស្សី ១០៦០ដើម
.ត្នោត ១៨០០គ្រាប់
.ដើមរាំងទឹក១៣០០ដើម។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមកផងដែរ៕
ដោយ៖ស តារា