សង្ក្រាន្តឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០១៦ វេលាម៉ោង៨ យប់

ចែករំលែក៖

ភ្នំពេញៈ​ សង្ក្រាន្តឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០១៦វេលាម៉ោង៨ យប់ ដោយទេវធីតាបុត្រីទី៤ របស់កបិលមហាព្រហ្មព្រះនាម មណ្ឌាទេវី សោយទឹកដោះស្រស់ អម្ពរពណ៌ខៀវខ្ចីស្រស់ស្រទន់នោះ គឺចូលឆ្នាំរយៈពេល៤ថ្ងៃ ដែលយូរៗទើបមានម្តង ។
បើតាមប្រវត្តិទាក់ទិនទៅនិងពិធីបុណ្យចូលឆ្នាំខ្មែរ បានពោលតំណាលថា ៖ កាលពីដើមមានសេដ្ឋីម្នាក់មានកូនឈ្មោះ ធម្មបាលកុមារ ជាអ្នកមានចំនេះវិជ្ជាដ៏វិសេសវិសាលបានរៀនចេះចប់គម្ពីត្រៃវេទតាំងពីអាយុ៧ឆ្នាំមកម្ល៉េះ។សេដ្ឋីជាឪពុក បានសង់ប្រាសាទឲ្យធម្មបាលកុមារ នៅគាបដើមជ្រៃមួយធំនៃឆ្នេរទន្លេដែលជាទីអាស្នាក់អាស្រ័យនៃបក្សីទាំងឡាយ។ ធម្មបាលកុមារចេះទាំងភាសាបក្សីទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្តែងមង្គលផ្សេងៗដល់មនុស្សទាំងពួងផងដែរ។កបិលមហាព្រហ្ម បានជ្រាបដំណឹង ក៏ចុះមកសួរធម្មាបាលចំនួន ៣ប្រស្នា ដោយសន្យាថា ប្រសិនបើធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរិសាទ្រង់ ថ្វាយធម្មបាលកុមារ ប៉ុន្តែប្រសិនបើធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួចទេ កបិលមហាព្រហ្ម នឹងកាត់ក្បាលធម្មបាលកុមារវិញ។
ធម្មបាលកុមារសុំឲ្យពន្យាពេលចំនួន៧ថ្ងៃ ដើម្បីគិតប្រស្នា។ លុះកន្លងទៅ៦ថ្ងៃហើយ ធម្មបាលកុមារ នៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកឡើងដល់ថ្ងៃកំណត់ នឹងត្រូវស្លាប់ជាប្រាកដ។ ដូច្នេះគួរតែរត់ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបធម្មបាលកុមារ ចុះពីប្រសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ។
នៅលើដើមត្នោតនោះ មានសត្វឥន្រ្ទីញីឈ្មោល ធ្វើសំបុកអាស្រ័យនៅ។ វេលាយប់សត្វឥន្រ្ទីញីសួរសត្វឥន្រ្ទីឈ្មោលថា៖ ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្រ្ទីឈ្មោលឆ្លើយថា៖ យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលនឹងត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច។ ឥន្រ្ទីញីសួរថា៖ ប្រស្នានោះដូចម្តេច?ឥន្រ្ទីឈ្មោលឆ្លើយថា៖វេលាព្រឹកសិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅលើមុខ ហេតុនេះទើបមនុស្សទាំងឡាយ ត្រូវយកទឹកលុបមុខ។ប្រស្នាទី២ចោទថា៖ថ្ងៃត្រង់សិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅលើទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង។ ប្រស្នាទី៣ចោទថា វេលាល្ងាចសិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅនឹងជើង ហេតុនោះទើបមនុស្សទាំងឡាយ ត្រូវយកទឹកលាងជើង។
ធម្មបាលកុមារបានលឺដូច្នេះ ក៏ត្រលប់ទៅប្រាសាទវិញ។ លុះព្រឹកឡើងកបិលមហាព្រហ្ម ក៏មកសួរប្រស្នាធម្មាបាលកុមារ។ ធម្មាបាលកុមារឆ្លើយដោះស្រាយតាមដែលបានលឺនោះរួច កបិលមហាព្រហ្មក៏ទទួលស្គាល់ថាពិតជាត្រឹមត្រូវ ព្រមចុះចាញ់ និងសុខចិត្តធ្វើតាមពាក្យសន្យា។កបិលមហាព្រហ្មហៅទេពធីតាទាំង៧អង្គមកប្រាប់ថា ឥលូវបិតាត្រូវកាត់សិរិសា ដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងរូបធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់។ដូច្នេះសុំឲ្យកូនទាំង៧អង្គ យកពានមកទទួលព្រះសិរិសាបិតា។ពោលរួចព្រះអង្គក៏កាត់ព្រះសិរិសាហុចទៅឲ្យព្រះនាងទុង្សាទេវីជាកូនច្បង។ ព្រះនាងទុង្សាទេវីក៏បានយកពាន មកទទួលព្រះសិរិសាបិតារួចហែរប្រទក្សិណភ្នំសុមេរុ5រយៈពេលមួយម៉ោងទើបយាងទៅប្រតិស្ថានទុកក្នុងភ្នំនោះ នៅក្នុងគុហាគន្ធមាលី នៃភ្នំកៃលេស និងបូជាគ្រឿងទិព្វផ្សេងៗ។ព្រះវិសកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ៧ប្រការឈ្មោះថា ភគវតីសភាសាលា ឲ្យជាទីប្រជុំនៃទេវតា។ លុះដល់គម្រប់១ឆ្នាំ ជាសង្រ្កាននាងទេពធីតាទាំង៧អង្គ ក៏ឆ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរិសាកបិលមហាព្រហ្ម យាងមកហែរប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រលប់ ទៅឋានទេវលោកដើម្បីតម្កល់វិញ។​

image image image

ដោយ​ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print