ខេត្តសៀមរាបៈ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អោយដឹងនៅក្នុងហ្វេសប៊ុកសម្តេចមុននេះបន្តិចថាៈ នៅម៉ោង ៨:00 យប់មិញនេះ ខ្ញុំព្រះករុណា និងភរិយា មានកិត្តិយសបានចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសទទួលទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ សម្តេចបានបន្តថាៈ ខ្ញុំព្រះករុណា និងភរិយា សូមអរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃ និងសូមអរគុណបងប្អូនជនរួមជាតិ ដែលបានប្រគេនពរ និងជូនពរដល់ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៦ នេះ!។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងផ្តាំផ្ញើផងដែរថាៈ សូមអាជ្ញាធរមានសមត្ថកិច្ចពង្រឹងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ ជាពិសេសនៅតាមតំបន់ទេសចរណ៌ជូនប្រជាពលរដ្ឋ ដើម្បីបានកំសាន្តសប្បាយរីករាយនៅក្នុងថ្ងៃបុណ្យចូលឆ្នាំដែលមានរយៈពេល ៤ថ្ងៃ (១៣-១៦ មេសា)។
សម្តេចបានមានប្រសាសន៍បន្តថាៈ ខ្ញុំព្រះករុណា និងភរិយា សូមប្រគេន និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវសេចក្តីសុខ ជោគសំណាងល្អ ព្រមទាំងពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
សុខ ខេមរា