ឈ្មោះ លឹម និង​ឈ្មោះ វ៉ា បើកសង្វៀនបញ្ជល់មាន់និងអាប៉ោងនៅ​កាស៊ីណូដូង​ប្រាំពី​រដើមគឺមានសុទ្ធសឹងតែពលរដ្ឋខ្មែរចូលលេង

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖ ឈ្មោះ លឹម និង​ឈ្មោះ វ៉ា ដែលបើកសង្វៀនបញ្ជល់មាន់និងអាប៉ោង នៅកាស៊ីណូច្រក​ដូង​ប្រាំពី​រដើមហៅដា បន្ទាប់ពីបិទមួយរយៈពេលដោយសារតែជំងឺ​រាតត្បាតកូវីដ-១៩​​មក ពេលនេះបានបើកដំណើរការលេងវិញហើយដោយមានសុទ្ធតែពលរដ្ឋខ្មែរជាអ្នកចូលលេង។

តាម​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែល​ធ្លាប់​ចូល​ទៅ​លេងដល់​ក្នុង​កាស៊ីណូ ច្រក​ដូង​ប្រាំពី​រដើមបានឱ្យដឹងថា ឈ្មោះ លឹម និងឈ្មោះ វ៉ា ជា​ម្ចាស់​សង្វៀនបាន​បើក​ល្បែងស៊ីសង​ខុសច្បាប់ ដូចជាបើក សង្វៀនបញ្ជល់មាន់និងបៀ អាប៉ោង យូគី រួមទាំងល្បែងភ្នាល់ចម្រុះ ស្ថិតនៅចំណុច​ភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមិន​បានចាត់​វិធានការបង្ក្រាប​នោះ​ទេ គឺទុកឱ្យលេងតាម​អំ​ពើចិត្ត​។
សកម្មភាពនេះឈ្មោះ លឹម និង​ឈ្មោះ វ៉ា កំពុងតែប្រមាថមើលងាយច្បាប់របស់ប្រទេសហើយ ដែលច្បាប់អនុញ្ញាតក្នុង អាជ្ញាប័ណ្ណកាសុីណូ គឺតម្រូវឱ្យតែជនបរទេសចូលលេងប៉ុណ្ណោះ ប៉ុន្តែពួកគេបែរជាអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូល​លេងទៅវិញ។ នេះបេីយោងតាមប្រភពព័ត៌មាន​ពីប្រជាពល​រដ្ឋរស់នៅឃុំ​ដា ស្រុក​មេមត់ដែលបានខ្សឹបខ្សៀវតៗគ្នា​ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍បានប្រាប់ថា​ ក្រុម​អ្នក​ញៀន​ល្បែងចូល​ទៅលេង​គឺមានទាំង​រថយន្តទំនើប និង ម៉ូតូរាប់រយ​គ្រឿង​ ហើយអ្នកឈ្នះលុយ​ រាប់ពាន់ រាប់ម៉ឺនដុល្លារ​បានស្រែកហ៊ោ​កញ្ជ្រៀវ សប្បាយនឹង​ជ័យជម្នះ​យ៉ាងទ្រហឹងអឺង​កងផ្អើលពេញក្នុង​កាស៊ីណូ ដែលអតីត​មានយីហោ (៦៩) និងបច្ចុប្បន្ននេះគេលុប​ស្លាក​យីហោអស់ហើយ​ ដោយគេមិនដឹងថាមានច្បាប់អាជ្ញាប័ណ្ណបន្តទៀតឬក៏អត់នោះទេ ។
​ជាមួយនឹងអំពើអសកម្មល្មើសច្បាប់ទម្លាប់នេះ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមេមត់កើតក្តីព្រួយបារម្ភ ព្រោះខ្ខ្លាចកើតមានអំពើចោរឆក់ លួច ប្លន់ និង​គ្រឿងញៀនរីករាលដាល ជាពិសេស​នោះ អ្នកចាញ់ឈានទៅដល់បញ្ចាំឡាន ម៉ូតូ ប្លង់ដី និង​ទ្រព្យសម្បត្តិផ្សេងៗដែលជាហេតុបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ ថែមទៀត​ផង​។
ចំណែកមជ្ឈដ្ឋានមហាជនបាន​រិះគន់​ចំៗទៅលើទីតាំងល្បែងបញ្ជល់មាន់ ខាងលើនេះហាក់បីដូច​ជាមាន​ខ្នងបង្អែក​រឹងមាំនៅ​ពីក្រោយ​ខ្នង ទើបហ៊ានបើកល្បែងតាម​អំពើ​ចិត្ត ឬ​មួយ​អាជ្ញាធរ​ស្រុក​មេមត់មិន​ចាត់​វិធានការបង្ក្រាបព្រោះតែបានទទួលផលប្រយោជន៍ពីម្ចាស់បនល្បែងនេះទេ​ដឹង​ ?
ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមល្បែងសុីសងល្មើសច្បាប់នេះ លោកអធិការស្រុកមេមត់ ហុង គឹមហឿន បានឱ្យដឹងថា ពួកនេះគេមិនដែលមកសុំច្បាប់អីពីខាងយើងទេ ? បើទោះបីថ្នាក់លើផ្តាំផ្ញើឱ្យមកជួបសុំពីអាជ្ញាធរ សមត្ថកិច្ចប៉ុស្តិ៍ និងអធិការក៏ដោយ និយាយរួមពួកគេព្រហើន និងឈ្លើយ អាងខ្សែ។
ប្រជាពលរដ្ឋរស់នៅភូមិ​ដា ឃុំ​ដា ស្រុកមេមត់បានលើកជាសំណូមពរដល់លោក​ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្ត​ត្បូងឃ្មំ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះទៅបង្ក្រាប​សង្វៀនបញ្ជល់មាន់ ច្រកដូងប្រាំពីរដើមផង ព្រោះថាបេីសិ​ន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ រាលដាលនោះ តើនរណាជាអ្នកទទួលខុសត្រូវ​?
ពិសេសពួកគាត់សំណូមពរទៅប្រធានក្រុមការងារចុះជួយស្រុកមេមត់មេត្តាជួយមានវិធានការចំពោះករណីនេះផងដែរ ៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print