ខេត្តត្បូងឃ្មុំ ៖ ឈ្មោះ លឹម និងឈ្មោះ វ៉ា ដែលបើកសង្វៀនបញ្ជល់មាន់និងអាប៉ោង នៅកាស៊ីណូច្រកដូងប្រាំពីរដើមហៅដា បន្ទាប់ពីបិទមួយរយៈពេលដោយសារតែជំងឺរាតត្បាតកូវីដ-១៩មក ពេលនេះបានបើកដំណើរការលេងវិញហើយដោយមានសុទ្ធតែពលរដ្ឋខ្មែរជាអ្នកចូលលេង។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅលេងដល់ក្នុងកាស៊ីណូ ច្រកដូងប្រាំពីរដើមបានឱ្យដឹងថា ឈ្មោះ លឹម និងឈ្មោះ វ៉ា ជាម្ចាស់សង្វៀនបានបើកល្បែងស៊ីសងខុសច្បាប់ ដូចជាបើក សង្វៀនបញ្ជល់មាន់និងបៀ អាប៉ោង យូគី រួមទាំងល្បែងភ្នាល់ចម្រុះ ស្ថិតនៅចំណុចភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមិនបានចាត់វិធានការបង្ក្រាបនោះទេ គឺទុកឱ្យលេងតាមអំពើចិត្ត។
សកម្មភាពនេះឈ្មោះ លឹម និងឈ្មោះ វ៉ា កំពុងតែប្រមាថមើលងាយច្បាប់របស់ប្រទេសហើយ ដែលច្បាប់អនុញ្ញាតក្នុង អាជ្ញាប័ណ្ណកាសុីណូ គឺតម្រូវឱ្យតែជនបរទេសចូលលេងប៉ុណ្ណោះ ប៉ុន្តែពួកគេបែរជាអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេងទៅវិញ។ នេះបេីយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅឃុំដា ស្រុកមេមត់ដែលបានខ្សឹបខ្សៀវតៗគ្នា ។
តាមប្រភពព័ត៌មានច្បាស់ការណ៍បានប្រាប់ថា ក្រុមអ្នកញៀនល្បែងចូលទៅលេងគឺមានទាំងរថយន្តទំនើប និង ម៉ូតូរាប់រយគ្រឿង ហើយអ្នកឈ្នះលុយ រាប់ពាន់ រាប់ម៉ឺនដុល្លារបានស្រែកហ៊ោកញ្ជ្រៀវ សប្បាយនឹងជ័យជម្នះយ៉ាងទ្រហឹងអឺងកងផ្អើលពេញក្នុងកាស៊ីណូ ដែលអតីតមានយីហោ (៦៩) និងបច្ចុប្បន្ននេះគេលុបស្លាកយីហោអស់ហើយ ដោយគេមិនដឹងថាមានច្បាប់អាជ្ញាប័ណ្ណបន្តទៀតឬក៏អត់នោះទេ ។
ជាមួយនឹងអំពើអសកម្មល្មើសច្បាប់ទម្លាប់នេះ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមេមត់កើតក្តីព្រួយបារម្ភ ព្រោះខ្ខ្លាចកើតមានអំពើចោរឆក់ លួច ប្លន់ និងគ្រឿងញៀនរីករាលដាល ជាពិសេសនោះ អ្នកចាញ់ឈានទៅដល់បញ្ចាំឡាន ម៉ូតូ ប្លង់ដី និងទ្រព្យសម្បត្តិផ្សេងៗដែលជាហេតុបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ ថែមទៀតផង។
ចំណែកមជ្ឈដ្ឋានមហាជនបានរិះគន់ចំៗទៅលើទីតាំងល្បែងបញ្ជល់មាន់ ខាងលើនេះហាក់បីដូចជាមានខ្នងបង្អែករឹងមាំនៅពីក្រោយខ្នង ទើបហ៊ានបើកល្បែងតាមអំពើចិត្ត ឬមួយអាជ្ញាធរស្រុកមេមត់មិនចាត់វិធានការបង្ក្រាបព្រោះតែបានទទួលផលប្រយោជន៍ពីម្ចាស់បនល្បែងនេះទេដឹង ?
ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមល្បែងសុីសងល្មើសច្បាប់នេះ លោកអធិការស្រុកមេមត់ ហុង គឹមហឿន បានឱ្យដឹងថា ពួកនេះគេមិនដែលមកសុំច្បាប់អីពីខាងយើងទេ ? បើទោះបីថ្នាក់លើផ្តាំផ្ញើឱ្យមកជួបសុំពីអាជ្ញាធរ សមត្ថកិច្ចប៉ុស្តិ៍ និងអធិការក៏ដោយ និយាយរួមពួកគេព្រហើន និងឈ្លើយ អាងខ្សែ។
ប្រជាពលរដ្ឋរស់នៅភូមិដា ឃុំដា ស្រុកមេមត់បានលើកជាសំណូមពរដល់លោកជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្តត្បូងឃ្មំ មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះទៅបង្ក្រាបសង្វៀនបញ្ជល់មាន់ ច្រកដូងប្រាំពីរដើមផង ព្រោះថាបេីសិនឆ្លងជំងឺកូវីដ-១៩ រាលដាលនោះ តើនរណាជាអ្នកទទួលខុសត្រូវ?
ពិសេសពួកគាត់សំណូមពរទៅប្រធានក្រុមការងារចុះជួយស្រុកមេមត់មេត្តាជួយមានវិធានការចំពោះករណីនេះផងដែរ ៕
ដោយ៖ អ្នកប្រមាញ់