Breaking News , លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៣ នៃគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ : គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពី សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤៣ នៃ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។
អញ្ជើញចូលរួមក្នុងសន្និបាតនេះមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលចំនួន ៧៧៥ រូប លើបរិមាណរួម៨៦៥រូប។ សន្និបាតបានប្រព្រឹត្តទៅក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះបុព្វហេតុជាតិ និងប្រជាជន ដោយបានសម្រេចលទ្ធផលដូចខាងក្រោម ៖
១- បោះឆ្នោត ជ្រើសតាំង បន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស

២- បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទ
ជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

៣- ពិភាក្សាអំពីកិច្ចការមួយចំនួនស្ដីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២
៤- អង្គសន្និបាតបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ ឆ្នាំ២០២១ និងទិសដៅភារកិច្ច សំខាន់ៗរបស់គណបក្សក្នុងឆ្នាំ ២០២២។

គណៈកម្មាធិការកណ្តាលសូមអំពាវនាវគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារ គណបក្សចុះមូលដ្ឋាន និងមន្ត្រី សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា សូមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃ ក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បី បម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។

សូមអំពាវនាវជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស សូមបន្តរួមសាមគ្គីគា្នជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានរឹងមាំ ស្ថិតស្ថេរគង់វង្សជារៀងដរាប។ ព្រមជាមួយនោះ សូមជនរួមជាតិ បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខាភិបាល សំដៅការពារមិនឱ្យជំងឺកូវីដ-១៩អាចឆ្លងរាលដាលជាថ្មីទៀត បាន និងរួមគ្នាបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញក្រោយវិបត្តិ ជំងឺកូវីដឱ្យមានសន្ទុះរីកចម្រើនខ្លាំងក្លាឡើង៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print