ខេត្តបាត់ដំបង ៖យោងតាមសេចក្តីរាការណ៏បានឲ្យដឹងថាសមត្ថកិច្ចបញ្ជូន ជនសង្ស័យចំនួន០២នាក់ដែលជិះសុទ្ធតែរថយន្តស៊េរីទំនើបដើរធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាននិងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ២៤ ធ្នូ នេះហើយ ជាមួយនឹងវត្ថុតាងនានាផង។
ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ ម្នាក់ឈ្មោះ លី សុខឡេង ហៅពៅ ផល្លា ហៅម៉ាប់ អាយុ៣៩ឆ្នាំ គ្មានផ្ទះសម្បែងពិតប្រាកដទេ និងម្នាក់ទៀតឈ្មោះ ប៉ាល់ ស៊ីនឿន ហៅ គ្រឿត ព្រឹង ហៅ ស្វិត អាយុ៥០ឆ្នាំ នៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ។ លោកឈឿង គឹមសុងនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បាននិយាយថា ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយប្រព្រឹត្តអំពើចោរកម្មលើកចុងក្រោយនៅស្រុកសង្កែ។
លោកបន្តថាដោយមានកិច្ចសហការពីកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំដោយលោក វ៉ាន់ តារា នាយរងការិយាល័យនិងកម្លាំងអធិការស្រុកសង្កែផង។
បើតាមសម្តីជនសង្ស័យឈ្មោះ លី សុខឡេង ហៅម៉ាប់ នេះ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី២១ ធ្នូ នៅចំណុចភូមិអណ្ដូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។ ក្រោយពីសួរនាំរហូតកំណត់បាននូវមុខសញ្ញាបក្សពួកក្រុមចោរនេះ ទើបនៅព្រឹកថ្ងៃទី២២ ធ្នូ កម្លាំងជំនាញទទួលបទបញ្ជាពីលោកស្នងការខេត្ត និង តំណាងអយ្យការឲ្យតាមចាប់ខ្លួនបក្សពួកជននេះបានម្នាក់ទៀត ឈ្មោះ ប៉ាល់ ស៊ីនឿន ហៅ គឿត ព្រឹង ហៅ ស្វិត ដល់ទឹកដីខេត្តពោធិសាត់ ដោយមានកិច្ចសហការពីកម្លាំងមូលដ្ឋានផងដែរ៕
ដោយ៖ អរុណរះ