អាមេរិកលុបជើងហោះហើររាប់រយជើងនៅមុនថ្ងៃបុណ្យណូអែលដោយសារតែវីរុសបំប្លែងថ្មីអូមីក្រុង

ចែករំលែក៖

 ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិក គឺ United Airlines និង Delta Air Lines បានប្រកាសថា បានលុបជើងហោះហើរជាង២០០ជើងនៅមុនថ្ងៃបុណ្យ គ្រឹស្តស្មាស់ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុងកើនឡើងខ្ពស់ ។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines មានទីតាំងនៅទីក្រុងជីកាហ្គោ បានប្រកាសថាបានលុបជើងហោះហើរចំនួន១២០ជើងនៅថ្ងៃទី២៤ខែធ្នូ ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Delta មានទីតាំងនៅទីក្រុងអាឡាស្ការ បានប្រកាសលុបជើងហោះហើរចំនួន៩០ជើងនៅថ្ងៃទី២៤ធ្នូដូចគ្នា។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានទំនាក់ទំនងជាមួយអ្នកដំណើរដើម្បីផ្តល់ដំណឹង បញ្ចៀសការជាប់គាំងនៅអាកាសយានដ្ឋាន។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៦៧,២៦៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ១,១៤៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥២,៧៨៨,៤៥១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៣៤,៤៥៥នាក់ និងជាសះស្បើយឡើងសរុបជាង៤០.៩៦លាននាក់។ អ្នកជំនាញផ្នែកសុខាភិបាលអាមេរិកបាននិយាយថា វិធានការទប់ស្កាត់ការឆ្លងរាលដាលមេរោគបំប្លែងថ្មី Omicron របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក្នុងនោះរួមមានទាំងការចែកចាយឧបករណ៍ធ្វើតេស្ដ គឺជារឿងមួយគួរឱ្យស្វាគមន៍ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ និងហាក់ដូចជាយឺតពេលបន្តិចទៅហើយ ក្នុងការទប់ស្កាត់ការកើនឡើងករណីឆ្លង ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីមួយនេះ ខណៈដែលបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតចូលមកដល់។ គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៩៩លានដូស ក្នុងនោះប្រជាជន ២៤១.៨៨លាននាក់ (៧៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស, ២០៣.២៤លាននាក់ (៦១.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៣.០៧លាននាក់ (១៩.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយសាធី
រូបថត៖Reuters.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print