ភ្នំពេញ៖ ក្នុងបរិបទកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនូវឡើយ ប៉ុន្តែឆ្នាំនេះការប្រលងបាក់ឌុបនឹងដំណើរការ ការប្រឡងដូចបណ្ដាលឆ្នាំកន្លងទៅដដែល ហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើបេក្ខជន ក្តៅខ្លួន និងពិនិត្យទៅឃើញ កើតជម្ងឺកូវីដ-១៩ក៏ ដោយ បេក្ខជនរូបនោះនៅតែអនុញ្ញាតឲ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯងប៉ុណ្ណោះ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ និង២៨ ធ្នូខាងមុខនេះ។
កិច្ចប្រជុំនេះ បានធ្វើឡើង. នៅរសៀលថ្ងៃទី២៤. ខែធ្នូឆ្នាំ ២០២១ នេះ ក្រោមវត្តមានលោក នួន ផារ័ត្ន និងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោកឃាងសេង អនុប្រធានអង្គភាពប្រឆាំងអំពើពុក រលួយនិងលោកជា ជាតិអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាព្រមទាំងមាន ការ ចូលរួមពីអាជ្ញាធរខណ្ឌចំនួន១០នៅ ក្នុងរាជធានីភ្នំពេញ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្ត មិនខុសពីឆ្នាំមុននោះទេ។ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជម្ងឺកូវីដ-១៩ ការប្រឡងគឺស្ថិតនៅ ក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែមពីលើនេះ លោកក៏បានជំរុញឲ្យ កងកម្លាំងប៉ូលិស ,កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀបចំ សណ្ដាប់ធ្នាប់ទាំងក្នុងនិងក្រៅបរិវេណសាលារៀន ឲ្យបានល្អប្រសើរ ជៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍ ។ លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ដើម្បីធានាសុវត្ថិភាពនៃការប្រឡងនេះទទួលបាននូវភាពជោគជ័យ។បន្ថែមពីនេះត្រូវបង្កើតឲ្យមានគណៈកម្មការទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៌មានក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ខាតចំពោះការបើកអាជីវកម្មនៅក្បែរសាលា ពាក់ព័ន្ធនឹងការថតចម្លងឯកសារនានា។
លោកនួន ផារ័ត្ន បានបញ្ជាក់ថា៖ សម្រាប់បេក្ខជនដែលចូលប្រឡង បើមានការបញ្ហាសុខភាពដែល យើងសង្ស័យថាមានជម្ងឺកូវីដ-១៩ និងពិនិត្យទៅឃើញថា បេក្ខជន នោះមានផ្ទុកជម្ងឺកូវីដ-១៩មែននោះ ក៏យើងមិនអោយពួកគាត់ធ្លាក់ដោយស្វ័យប្រវត្តិនោះដែរ គឺយើងរក្សាបេក្ខជននោះអោយនៅប្រឡងដដែល ដោយយើងគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯង។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់និងមានបេក្ខជនប្រលងចំនួន២០៧២៥៤នាក់ ។ ចំពោះទីតាំងផ្ញើរយានយន្តរបស់បេក្ខជនប្រឡងទាំង២៨ មណ្ឌល គឺមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្លាប់មួយមណ្ឌល ដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះដោយមិនយកប្រាក់ពីបេក្ខជន៕. សំរិត