អភិបាលខេត្ត​ព្រៃវែង​ អញ្ជើញជាអធិបតី​ កាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យព្រះអង្គឌួង

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រៃវែង​ បានឱ្យដឹងថា​ លោក​ ជា​ សុមេធី​ អភិបាល​ នៃគណៈអភិបាលខេត្តព្រៃវែង និងលោកស្រី​ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង ព្រមទាំងលោក នួន សុធិមន្ត ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ​ បានអញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យ ព្រះអង្គឌួង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង ប្រកបដោយដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ។

យោងតាមរបាយការរបស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ៖ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំសិក្សា ២០២០-២០២១ឆ្នាំនេះ ខេត្តព្រៃវែង មានមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ស្មើនឹង ២៨៧បន្ទប់ មានសិស្សសរុប ៧,១១៦នាក់ ស្រី ៣,៨៧៩នាក់ ក្នុងនោះ ចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រមាន ៣មណ្ឌល ស្មើនឹង ៧៤បន្ទប់ មានសិស្សសរុប ១,៨៣៣នាក់ ស្រី ១,១៦២នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមមាន ១០មណ្ឌល ស្មើនឹង ២១៣បន្ទប់ មានសិស្សសរុប ៥,២៥៣នាក់ ស្រី ២,៧១៧នាក់ ។

ក្នុងឱកាសនេះ លោក​ ជា​ សុមេធី​ ក៏បានធ្វើការផ្តាំផ្ញើ ដល់គណៈមេប្រយោគ និងអនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានាក្នុងការប្រឡង ដើម្បីធានាឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំ និងវិធានការសុវត្ថិភាពសុខភាពក្នុងបរិបទជំងឺកូវីដ-១៩ផងដែរ។

សារជាថ្មីម្តងទៀត លោកអភិបាលខេត្ត​ សូមលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា និងក្លាយជាសសរទ្រូង ដើម្បីលើកស្ទួយកិត្តិយសជូនសាលារៀន សង្គម និងគ្រួសារផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print