ខេត្តកណ្ដាល៖ ផ្តើមចេញពីការផឹកស្រាស្រវឹង ជនសង្ស័យម្នាក់បានបង្កើតជាជម្លោះទាក់មាត់ទាក់សម្តីឈានដល់យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ តែទីបំផុតជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីហិង្សាដោយចេតនានេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទីនៅចំណុចភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ សារ៉ុម ហៅ វីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ អ៊ុន សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ តាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល។ ដោយឡែកវត្ថុតាងចាប់យកមានកាំបិតបុ័ងតោធ្វើពីដែកអ៉ីណុកដងឈើ ចំនួន០២, ដំបងឈើមូលចំនួន ០១។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ឆាយ សារ៉ុម រួមជាមួយប្រពន្ធនិងជនសង្ស័យឈ្មោះ អ៊ុន សំអឿន បានផឹកស៊ីជាមួយគ្នាក្នុងកម្មវិធីបង្កក់កូនរបស់ជនសង្ស័យ។ ពេលកំពុងផឹកស៊ីនោះជនសង្ស័យបានមានទំនាស់ជាមួយប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ស៉ីម មករា
ហើយជនសង្ស័យខឹងបានគប់កែវជ័រដែលមានទឹកកកនិងស្រាបៀរចូលទៅក្នុងវង់ផឹកស៊ី។ ភ្លាមនោះជនរងគ្រោះបាននិយាយថា «ហ្អែងក៏ខ្លាំងម្ល៉េះ! និងស្ទុះបម្រុងទៅវាយជនសង្ស័យ ប៉ុន្តែត្រូវបងប្អូនជួយឃាត់ តែភ្លាមនោះជនសង្ស័យបានចូលទៅក្នុងផ្ទះ រួចហើយបានយកកាំបិតបុ័ងតោចំនួន២ព្រមទាំងស្រែកបបួលជនរងគ្រោះកាប់គ្នាមួយស្មើ។ បន្ទាប់មកជនសង្ស័យក៏បោះកាំបិតចំនួន០១ទៅឱ្យជនរងគ្រោះដើម្បីកាប់គ្នាមួយស្មើ ស្រាប់តែត្រូវជើងប្រពន្ធរបស់ជនរងគ្រោះ។ ភ្លាមនោះជនរងគ្រោះខឹងក៏បានស្ទុះទៅយកដំបងឈើមូលបម្រុងវាយជនសង្ស័យ ប៉ុន្តែជនសង្ស័យបានយកកាំបិតបុ័ងតោដែលកាន់នៅដៃស្រាប់ស្ទុះចូលទៅកាប់ជនរងគ្រោះត្រូវចិញ្ចើមខាងឆ្វេង និងកដៃខាងស្តាំបណ្តាលឱ្យរងរបួសយ៉ាងដំណំ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃទី២៧ ខែឆ្នាំដដែល ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំងចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ ហើយនាំខ្លួនជនសង្ស័យខាងលើបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ