វត្តមានសត្វត្មាតភ្លើង និងសត្វផ្សេតទៀត ត្រូវបានអ្នកស្រាវជ្រាវចុះប្រមូលទិន្នន័យធ្វើបច្ចុប្បន្នភាព ដែនជម្រកសត្វព្រៃស្រែពក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញ ត្មាតភ្លើងចំនួន ០៧ក្បាល និងបានឃើញមាន់ព្រៃចំនួន ០៥ក្បាល។

គួរបញ្ចាក់ផងដែរថា នេះជាលើកទីមួយហើយដែលចំនួនត្មាតភ្លើងមានចំនួនកើនឡើងក្រោយពីបាត់វត្តមានអស់រយះពេលពីរឆ្នាំ ដែលពីមុនមកយើងបានឃើញ ០៥ក្បាល ឬ ០៦ក្បាលប៉ុណ្ណោះ ។ 

ត្មាតភ្លើង (Red headed vulture ) ៖ វាមានរោមដងខ្លួនពណ៌ក្រមៅ និងក្បាលស្មើតែគ្នានរោម (គឺមានតិចបំផុត ) ដោយបញ្ចេញស្បែកក្បាល និងក ពណ៌ ក្រហមដូចភ្លើង រួមទាំងបន្ទះស្បែកអមថ្ពាល់ដូចស្លឹក ត្រចៀកទាំងសងខាងផងក៏ពណ៌ក្រហមដែរ។ វាទម្ងន់ចន្លោះពី៣,៥០ គ.ក្រដល់៦,៣០គ.ក្រ វាមានបណ្តោយដងខ្លួនប្រមាណ០,៧៦ម ដល់ ០,៨៦ម និងមានប្រវែងពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាងទៀត ២ម.ដល់ ២,៦០ម នៅពេលវាលាតសន្ធឹងស្លាបហើរ។ វាជាបក្សីមានមាឌទាបកន្តាញ ដោយមានកម្ពស់របស់វាប្រមាណជា ០,៦០ម ទៅ ០,៧០ម ប៉ុណ្ណោះ។ ត្មាតភ្លើងជាប្រភេទត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំបានចាត់តុកជាមេត្មាត ឬ មេហ្វូង ឬហៅថា ស្តេចត្មាត ។

  តាមការអង្កេតតាមដានសកម្មភាពរបស់វានៅក្នុងធម្មជាតិ ត្មាតភ្លើង ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើកដើមស្លាបជានិច្ច ( ឬហៅថា ដំណើររបៀកាងស្លាប ឬថាដើរពើងទ្រូង ) ឥរិយាបទរបស់វាបង្ហាញពីភាពមិនខ្លាចគេ ជាមេគេ ហើយត្មាតប្រភេទផ្សេងៗទៀតក៏ពុំសូវហ៊ានប្រឈមតទល់នឹងវាដែរ រីឯពេលវាស៊ីចំណីអាហារទៀតសោត ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រាដំបូងដែរ វាច្រើនតែទុកពេលអោយត្មាតផ្សេងៗទៀតស៊ីមួយសន្ទុះសិន ទើបវាចុះមកស៊ីតាមក្រោយ នេះទំនងជាវាគិតពីសុវត្តិភាពនៅទីនោះ រួមទាំងការពុលចំណីអាហារផងក៏អាចថាបាន ពេលដែលវាចុះមកស៊ីចំណីហើយ ភាគច្រើនត្មាតឯទៀតក៏តែងទុកចន្លោះកន្លែងអោយវាចូលស៊ីជានិច្ច ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print