អន្តរជាតិ៖ នៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៨ខែធ្នូ បានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅជិត១៨០ពាន់នាក់ គឺជាឯតទគ្គកម្មថ្មី មិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ-១៩ក្នុងប្រទេសនេះ។ ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ មានករណីឆ្លងកើនឡើងដល់ទៅ១៣០ពាន់នាក់ ។ ដោយឡែកនៅអាមេរិកក៏បានបំបែកកំណត់ត្រាថ្មីពីចំនួនអ្នកឆ្លង ដោយមានករណីឆ្លងក្នុងពេល២៤ម៉ោងមានដល់ទៅ ៤៤១ពាន់នាក់ ។ នៅប្រទេសបារាំង មានករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងនាថ្ងៃទី២៨ ខែធ្នូ មានរហូតដល់ទៅ ១៧៩.៨០៧នាក់ ។ តាមសារព័ត៌មាន Covidtracker.fr បញ្ជាក់ថា នេះជាតួលេខឆ្លងខ្ពស់បំផុតប្រចាំថ្ងៃនៅក្នុងតំបន់អឺរ៉ុបទាំងមូល ។ ឯតទគ្គកម្មនៅបារាំងកន្លងមក គឺមានអ្នកឆ្លងតែ ១០៤.៦១១នាក់នាថ្ងៃទី២៥ខែធ្នូ។ បើទោះបីមានករណីឆ្លងកើនឡើងក្តីប៉ុន្តែអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ហើយចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានតិចជាងពេលមុន។ ក្រៅពីអ្នកឆ្លងថ្មី បារាំងក៏នៅមានករណីស្លាប់២៩០នាក់ដោយកូវីដ-១៩ គឺជាចំនួនខ្ពស់បំផុតគិតចាប់ពីខែឧសភាមក ប៉ុន្តែនៅទាបជាងកាលពីចុងឆ្នាំ២០២០ ។ ចំនួនពលរដ្ឋបារាំង ៧៧%បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស បានជួយកាត់បន្ថយករណីធ្លាក់ខ្លួនឈឺធ្ងន់និងស្លាប់ដោយកូវីដ-១៩។ ចំណែកនៅអាមេរិកវិញ នៅថ្ងៃទី២៧ខែធ្នូ (ពេលវេលានៅអាមេរិក) បានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៤៤១.២៧៨នាក់។ នេះជាចំនួនឆ្លងខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងទឹកដីអាមេរិក។ កាលពីថ្ងៃទី ៨ខែមករាឆ្នាំ២០២១ អាមេរិកមានករណីឆ្លងខ្ពស់បំផុតនៅអាមេរិកគឺមានត្រឹមតែ ២៩៤.០១៥នាក់។ រីឯនៅអង់គ្លេសចំនួនអ្នកឆ្លងកូវីដ -១៩ នៅថ្ងៃទី២៨ខែធ្នូ មានរហូតដល់ទៅ ១២៩.៤៧១នាក់ នេះមិនគិតបញ្ចូលតួលេខនៃការឆ្លងនៅតំបន់ស្កុតឡែន និងអៀរឡង់ខាងជើងផងទេ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសថា នឹងមិនអនុវត្តវិធានការរឹតត្បិតបន្ថែមទៀតឡើយបើទោះបីមានករណីឆ្លងកើនឡើងខ្ពស់ក៏ដោយ៕ ដោយសាធី
រូបថត៖NY Post