លោក ឃួង ស្រេង​ ចាត់ឱ្យតំណាង ដឹកនាំមន្ត្រីប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា​ ចូលរួមពិធីដង្ហែសពលោកឧកញ៉ា ថៃ​ សេងឡុង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ បានចាត់ឱ្យ​លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន៣២នាក់​ ចូលរួមពិធីដង្ហែសពលោកឧកញ៉ា ថៃ​ សេងឡុង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច​ថ្ងៃ​ អាទិត្យទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុងជន្មាយុ៨៦ឆ្នាំ​ ដោយជរាពាធ​ ពីគេហដ្ឋានតម្កល់សពផ្ទះលេខ៥៤-៥៦ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ ដើម្បីប្រារព្ធធ្វើពិធីបញ្ចុះសព ។

មរណភាពរបស់លោកឧកញ៉ា ថៃ សេងឡង គឺជាការបាត់បង់ជីតា ឪពុក ប្រកបដោយ គុណធម៌ ព្រហ្មវិហារធម៌ ជាពិសេសជាការបាត់បង់ថ្នាក់ដឹកនាំដ៏សកម្មមួយរូបរបស់សាខារាជធានី ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា​ ស្មារតី ធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លា ដើម្បីបុព្វហេតុមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងអ្នកងាយរងគ្រោះដោយប្រការផ្សេងៗ​ ។

ទន្ទឹមនឹងនេះ​ ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ​ មន្ត្រីប្រតិបត្តិសាខា​ អនុសាខា​ អ្នកស្មគ្រ័ចិត្ត​ យុវជនកាកបាទក្រហមទាំងអស់​ លោកនាយកប្រតិបត្តិសាខា​ សូមឧទ្ទិសបួងសួងជូនចំពោះវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ថៃ សេងឡុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print