ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងថា៖ ខួបរំលឹក២៣ឆ្នាំនៃទិវាការបញ្ចប់សង្គ្រាមនៅកម្ពុជាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពសុីម៉ាក់ចូលរួមតាំងពិពណ៌ប្រវត្តិសង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលទីតាំងជាអតីត:សមរភូមិសង្គ្រាមយ៉ាងស្វិតស្វាញ ហេីយក្បែរព្រំដែនថៃនៃស្រុកម៉ាឡៃនេះជាទីតាំងទីបញ្ជាការដ្ឋានយ៉ាងរឹងមាំមួយរបស់មេដឹកនាំខ្មែក្រហមប៉ុល ពតឈរជេីងតែម្តង និងជាកន្លែងសំរាប់ទទួលសារតាំងនានាផងដែរ។
ក្រោយសង្គ្រាមបានបញ្ចប់ តំបន់បឹងជង្រុកបានក្លាយពីសមរភូមិសង្គ្រាមប្រដាប់អាវុធដណ្តេីមអំណាច ទៅជាសមរភូមិសង្គ្រាមជន្លោះដណ្តេីមកាន់កាប់ដីធ្លីយ៉ាងរ៉ាំរ៉ៃវិញម្តង។ កាលសង្គ្រាមខ្ពេីមដីព្រោះតែដីគ្មានតំលៃនិងសំបូរគ្រាប់មីនណាស់ តែសម័យសន្តិភាពដីមានតំលៃក្លាយជាដីមាសដីពេជ្រជម្លោះរវាងអ្នកលោភលន់និងប្រជាពលរដ្ឋមូលដ្ឋានជាអតីត:បងប្អូនខ្មែរក្រហមផងនិងអ្នកចំណូលថ្មីផង។ បេីសិនជាសម័យខ្មែរក្រហមវិញ អ្នកចំណូលថ្មីដឹងតែយកទៅសម្លាប់ចោលហ្នង គ្មានឱកាសឈ្លោះដណ្តេីមដីស្អីនោះទេ! ។
អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានខិតខំដឹកនាំដោះស្រាយទំនាស់ដីធ្លីនៅបឹងជង្រុកនេះ និងប្រែក្លាយតំបន់បឹងជង្រុកនេះជាតំបន់អភិវឌ្ឍន៍របស់សម្តេចតេជោ សំរាប់ប្រជាពលរដ្ឋជិត១៥០០គ្រួសារ។
ជាក់ស្តែងយុវជនម៉ាឡៃដែលកំពុងរស់នៅតំបន់អតីត:សមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដែលអ្នខ្លះ ឱពុកម្តាយជាជនពិការដោយសារសង្គ្រាម សូម្បីប្រធានក្រុមប្រឹក្សាឃុំទួលពង្រនេះក៏ពិការជេីងម្ខាងដោយសារគ្រាប់មីនដែរ! តែយុវជនយេីងមួយចំនួនធំចាប់អារម្មណ៍ជាមួយប្រវត្តិសង្គ្រាមនិងសំណល់យុទ្ធភណ្ឌខ្លាំងណាស់ដែរ ព្រោះថា លឺតែឪពុកម្តាយពូមីងនិទានជារឿងប្រាប់!! ៕
ដោយ៖ស តារា