ខេត្តកំពង់ចាម៖ នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃពុធទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាខាពន្ធដារខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ។
ជាក់ស្ដែងបេីតាមការបញ្ជាក់ពីលោក អ៊ុន ចាន់ដា បានឱ្យដឹងនៅព្រឹកមិញនេះថា យោងតាមលិខិត លេខ ១២២៤២ អពន ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ទើបអាជ្ញាធរខេត្តកំពង់ចាមជួបជុំគ្នាដើម្បី ធ្វើការពិនិត្យពិភាក្សាលើសេចក្តីព្រាង តម្លៃអចលនទ្រព្យ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំពិភាក្សានេះមានគោលបំណង ៤ ៖
*ទី១ ៖ គឺដើម្បីប្រមូលពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមភាព ។
*ទី២ ៖ ពិនិត្យទៅលើឧបសម្ព័ន្ធ ដែលបានអនុវត្តនាពេលបច្ចុប្បន្ននេះ សម្រាប់កំណត់នូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម ក្រែងមានភាពខ្វះចន្លោះដែលពាក់ព័ន្ធទៅលើផ្នែក ប្រែប្រួលនៃតម្លៃអចលនទ្រព្យផងដែរ ។
*ទី៣ ៖ ដើម្បីពិនិត្យនិងពិភាក្សាសម្រេច លើសេចក្តីព្រាងអចលនទ្រព្យ ឧបសម្ព័ន្ធថ្មីនៃការបែងចែកភូមិសាស្ត្រថ្មី នៃតម្លៃអចលនទ្រព្យ កំណត់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម។
*ទី៤ ៖ ក្រោយពីការប្រជុំពិភាក្សាគ្នារួច សាខាពន្ធដារខេត្ត និងរៀបចំលិខិត ដាក់ជូនគណៈកម្មការវាយតម្លៃអចលនទ្រព្យ នៅអគ្គនាយកដ្ឋានពន្ធដារ ៕ដោយ៖ស តារា