ខេត្តសៀមរាប៖ ក្រោយពីប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ តាមតំបន់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានរៀបចំនិងសហការជាមួយ សសយកខេត្ត សហគ្រិនវ័យក្មេង វិស័យឯកជន ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២។
ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ដែលមានកម្មវិធីតាមទីតាំងដូចខាងក្រោម៖
– ក្រុងសៀមរាប នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់
-ស្រុកស្វាយលើ នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ភូមិបិទផ្កា ឃុំស្វាយលើ
-ស្រុកស្រីស្នំ នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ភូមិត្រាំកង់ ឃុំស្លែងស្ពាន
-ស្រុកបន្ទាយស្រី មាន ០៥ទីតាំង ទីតាំងទី១-តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់, ទី២-អាហារ Buffet និងបោះតង់ នៅភូមិលំហែសរសី, ទី៣-បោះតង់ និងតន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម, ទី៤-បោះតង់ និងតន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី និងទី៥- ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ
-ស្រុកវ៉ារិន នៅសហគមន៍ព្រៃឈើចង្ក្រានរយ
ការរៀបចំព្រឹត្តិការណ៍ខាងលើនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើនដូចខាងក្រោម៖
១-ការប្រឡងចម្រៀង រាំលែងកម្សាន្ត និងរាំវង់ស្គរដៃ
២-ទស្សនាការសម្ដែងសិល្បៈ និងរបាំប្រជាប្រិយ
៣-ទស្សនាស្ដង់លក់ទំនិញ និងម្ហូបអាហារ
៤-ទស្សនាការបាញ់កាំជ្រួចអបអរសាទការឆ្លងឆ្នាំសកលនៅយប់ថ្ងៃទី៣១ ធ្នូ
៥-ជិះគោយន្តសហគមន៍ ឆ្ពោះទៅលេងព្រៃសហគមន៍ និងឡើងភ្នំគយគន់ថ្ងៃអស្ដង្គត ។ល។
យោងតាមស្ថានភាពបច្ចប្បន្ននេះ ទំនោរនៃការដើរកម្សាន្តរបស់ប្រជាជនខ្មែរ ឃើញមានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពភាពនៃដំណើរកម្សាន្តក៏មានការផ្លាស់ប្ដូរ តែដោយមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពរបស់ប្រជាជនពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជន ប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងដោយបច្ចុប្បន្ននេះ កម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរកម្សាន្តបានគ្រប់ទីកន្លែង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងក្រុងដ៏ស្រស់ស្អាត (គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ) តំបន់ទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍កែច្នៃជាច្រើនកន្លែង។ ចំណុចដ៏មានសក្តានុពលទាំងអស់ខាងលើនេះហើយ ដែលជំរុញឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ចាប់ផ្ដើមដំណើរការឡើងវិញ លើគ្រប់វិស័យ ទាំងសេវាកម្មដឹកជញ្ជូន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ផ្សារលក់ទំនិញ និងសេវាកម្មជាច្រើនទៀតទាក់ទងនឹងវិស័យទេសចរណ៍។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមទទូចស្នើសុំដល់បងប្អូនអ្នកធ្វើដំណើរកំសាន្ត ជាពិសេសម្ចាស់តាមទីកន្លែងស្នាក់នៅ អាហារដ្ឋាន សូមយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការ ៣កុំ៣ការពារ និងស្តង់ដារអប្បរមានៃវិធានសុវត្ថិភាពទេសចរណ៍៕ដោយ៖ស តារា