ខេត្តបាត់ដំបង៖ ថ្ងៃបង្ហើយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ យ៉ាងតិចមានឡានធំៗរបស់ថៃដឹកជ្រូកឆ្លងតាមច្រកភ្នំដី ឋិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រមាណជិត៣០គ្រឿង ដឹកបន្តកន្ទុយគ្នាដូចគេហែរកឋិន និងបញ្ចេញនូវក្លិនឆ្អេះឆ្អាបស្អុយដ៏ប្រហើរក្រអួនជូនសមត្ថកិច្ចគ្រប់ស្ថាប័ន ពិសេសស្នាក់ការកាំកុងត្រូលតែម្តងទទួលបានក្លិនមុនគេ។
គេទទួលស្គាល់ថាមានច្បាប់អនុញ្ញាតិ តែដូចដឹងស្រាប់ហើយ មានច្បាប់៥០០០ក្បាលដឹកដល់៥០០០០ក្បាលក៏អាចថាបាន សំខាន់”អ្នកចង់រកសុីដូចលោកផ្កាយ៤សួស អង្គារ៍ គឺពូកែខាងយល់អ្នកចង់បានសុី” តាមរយះបែងចែកអោយសើមមាត់ បង្កើតជាអំពើឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធ។
គេបង្ហើបថាៈ រឿងដឹកលើសវាមានរួចជាស្រេចតាមទម្លាប់ សំខាន់រឿងជ្រូកមានមេរោគ តើមានខាងពេទ្យសត្វ កាំកុងត្រូលពិនិត្យទេក្រៅពីរាប់ក្បាលឡានយកលុយ? អំបូរពូជជ្រូកក្រហមត្រូវបានដឹកឆ្លងកាត់ដោយធូរលុង ដែលជនជាតិថៃនិយាយថា៖ ប្រភេទជ្រូកបែបនេះងាយប្រឈមគ្រោះថ្នាក់ដល់អ្នកបរិភោគ ជាពិសេសស្ត្រីៗ នឹងកើតមហារីកស្បូនធ្ងន់ធ្ងរ។
សមត្ថកិច្ចបាននិយាយថាៈ ម្នាក់ៗអោយតែលឺថា ឡានជ្រូកលោក សួស អង្គារ៍ ម្នាក់ៗគឺរួញខ្លួនមិនហ៊ានក្បែរទេ ទោះមានច្បាប់ឬអត់ច្បាប់ ជ្រូកមានរោគក៏ដោយ ព្រោះគាត់ប៉ាវផ្តាច់អស់ហើយម៉ាខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងរឿងនាំជ្រូកចូល ហើយប្រកបដោយឥទ្ធិពលថែមទៀត។
បើទោះជាមានការលើកឡើងបែបនេះក៏ដោយ នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺពីលោកផ្កាយ៤ សួស អង្គារ៍ទេ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ ដោយគ្មានលេខទូរស័ព្ទ។ តែមានអ្នកកោតសសើរគាត់ជាច្រើនលើកឡើងថា ជាអ្នករត់តាក់សុីសោះ មានបុណ្យ មានស័ក្តិ ទ្រព្យសម្បត្តិកើតចេញពីការខិតខំតស៊ូ រហូតដល់សព្វថ្ងៃនេះ មិនខុសអីពីពាក្យស្លោកដ៏សាមញ្ញថាៈ កុំគិតពីអតីតៈកាលអ្នកដទៃ សំខាន់សំលឹងមើលបច្ចុប្បន្នកាលខ្លួនឯងបានហើយ។
គេនៅចាំមើលលើចំណាត់របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីផងដែររឿងដឹកជ្រូកលើសចំនួន និងមានមេរោគបង្កប់នាំចូល?
ដោយ៖ សុខ ខេមរា