អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលតាលីបង់បានប្រកាសថា បានចាក់ស្រាជាង៣ពាន់លីត្រចូលក្នុងព្រែកនៅទីក្រុងកាប៊ុលដើម្បីជាការព្រមាននិងទប់ស្កាត់ការផលិត និងលក់ស្រានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សារព័ត៌មាន AFP បានផ្សាយថា អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (GDI) របស់រដ្ឋាភិបាលតាលីបង់បានប្រកាសថា ក្រុមសន្តិសុខបានយកស្រាជាង៣ពាន់លីត្រចាក់ចូលក្នុងព្រែក ក្រោយការរឹបអូស ក្នុងសកម្មភាពបោលសម្អាតគ្រឿងស្រវឹងនៅក្នុងរដ្ឋធានីកាប៊ុល។ នៅក្នុងឃ្លីបវីដេអូបង្ហោះនៅលើបណ្តាញសង្គម Twitter ថា ជនជាតិអ៊ិស្លាមត្រូវតែគោរពយ៉ាងមុឺងម៉ាត់នូវការតមគ្រឿងស្រវឹង និងផលិតស្រា។ ក្រុមតាលីបង់មិនបានប្រកាសពីពេលវេលាចាប់ស្រានោះឡើយ ប៉ុន្តែតាមការប្រកាសរបស់ GDI ម្ចាស់សិប្បកម្មផលិតស្រា៣កន្លែងត្រូវបានបិទទ្វារ ហើយម្ចាស់សិប្បកម្មត្រូវបានចាប់ខ្លួន។ ការទិញលក់ស្រាត្រូវបានហាមប្រាមក្រោមរដ្ឋកាលគ្រប់គ្រងរបស់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ចាប់តាំងពីក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសក៏បានបង្កើនសកម្មភាពបោសសម្អាតគ្រឿងស្រវឹង។ ការយាមល្បាតនិងឆែកឆេរតាមកន្លែងសង្ស័យលក់ស្រា និងផលិតស្រាបានធ្វើឡើងដោយមិនមានការគ្រោងទុកនោះឡើយ៕ ដោយសាធី
រូបថត៖Twitter