ស.រ.អា.៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីលោកចេញអាការៈបន្ទាប់ពីឈប់សម្រាកវិស្សមកាល ។ តាមសារព័ត៌មានរ៉យទ័រ លោក Lloyd Austin បានធ្វើតេស្តនៅថ្ងៃទី ២ខែមករាឆ្នាំ២០២២(ពេលវេលានៅអាមេរិក) ក្រោយពីលោកចេញអាការៈដូចកូវីដ-១៩ ហើយលទ្ធផលពិតជាឆ្លង មែន។ រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានចាក់វ៉ាក់សំាងគ្រប់ចំនួនពីរដូសហើយថែមទាំងដូសជំរុញទៀតផង។ លោកបានជួបជាមួយប្រធានាធិបតីចុងក្រោយបង្អស់នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ គឺមុន១សប្តាហ៍មុនពេលលោក Lloyd Austinចេញអាការៈ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Austin ក៏បានបញ្ជាក់ផងដែរថា លោកអាចនឹងចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងសប្តាហ៍ថ្មីនេះទៅតាមកម្រិតដែលលោកអាចធ្វើទៅបាន។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានជូនដំណឹងអំពីការធ្វើតេស្តវិជ្ជមានរបស់ខ្ញុំ ទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជាលោកប្រធានាធិបតីចូ បៃឌិនរួចរាល់ហើយ។ បុគ្គលិករបស់ខ្ញុំ បានចាប់ផ្តើមទទួលការធ្វើតេស្ត ហើយអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំនៅអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះក៏ត្រូវបានណែនាំឱ្យធ្វើតេស្តដូចគ្នា»។ លោក Austin នៅតែឆ្លៀតពេលនេះ ជំរុញឱ្យពលរដ្ឋអាមេរិកាំង ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង «ដូសជំរុញ» នៅពេលពួកគេគ្រប់លក្ខខណ្ឌដែលត្រូវចាក់៕ ដោយសាធី
រូបថត៖AP.