ក្រុមអធិរាជស Real Madrid បានបាត់បង់ឱកាសក្នុងការបើកការនាំមុខ១១ពិន្ទុនៅលើកំពូលតារាង La Liga ខណៈដែលពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះ Getafe ក្នុងលទ្ធផល១ទល់០ កាលរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះចាញ់ជាលើកដំបូងក្នុងការប្រកួតនៅអេស្ប៉ាញ១០ប្រកួតចុងក្រោយ។
កីឡាករ Enes Unal របស់ក្រុម Getafe រកបានគ្រាប់បាល់តែ១គ្រាប់គត់បន្ទាប់ពីបានស៊ុតបញ្ចូលទីនៅនាទីទី៩ នៅពេលដែលកីឡាករូបនេះបានដណ្តើមបាល់ពីកីឡាករ Eder Militao នៅក្នុងតំបន់ប៉េណាល់ទីរបស់ក្រុម Real Madrid ។
ការប្រកួតនោះក្រុមភ្ញៀវ Real Madrid បានព្យាយាមវាយសម្រុកយ៉ាងខ្លាំង ហើយខ្សែបម្រើ Luka Modric បានព្យាយាមស៊ុតបាល់បញ្ចូលទីលើក្រុម Getafe ដែរ ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពារ និងអ្នកចាំទី។ ក្រុម Real Madrid បានគ្រប់គ្រងបាល់ក្នុងតង់ទី១ ប៉ុន្តែបានត្រឹមតែការសង្គ្រោះមួយពីអ្នកចាំទី David Soria របស់ក្រុម Getafe ដែលបានធ្វើបានយ៉ាងអស្ចារ្យក្នុងការបញ្ជូនបាល់ពីចម្ងាយរបស់ Modric ឆ្លងផុតបង្គោលទី។
ជាមួយគ្នានេះខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះក៏បានវាយបកដោយជើងឆ្វេងយ៉ាងល្អពីតំបន់ពិន័យរបស់ក្រុម Getafe ខណៈដែលខ្សែបម្រើ Toni Kroos ក៏បានព្យាយាមស៊ុតពីចម្ងាយផងដែរ ប៉ុន្តែត្រូវអ្នកចាំទីសង្គ្រោះបាន។ Real Madrid បានបង្កើនសម្ពាធក្នុងតង់ទីពីរ ហើយប៊ិសនឹងតាមស្មើទៅហើយដោយការស៊ុតបាល់ពី Casemiro ប៉ុន្តែការប្រឹងប្រែងវាយសម្រុកយ៉ាងខ្លាំងរបស់ខ្សែបម្រើរូបនេះត្រូវបានបិទដោយសុវត្ថិភាពដោយ Soria ។
ក្រុមរបស់លោក Carlo Ancelotti បានលេងលើស២ប្រកួតច្រើនជាងគូប្រជែងលេខ២ Sevilla ដែលត្រូវជួបជាមួយ Cadiz នៅថ្ងៃចន្ទនេះ។ ក្រោយពីបរាជ័យនេះក្រុម Real Madrid បន្តកាន់កាប់កំពូលតារាងដដែលមាន៤៦ពិន្ទុ ក្នុង២០ប្រកួតនៅ La Liga ខណៈដែលក្រុមឈរលេខ២ Sevilla មាន៣៨ពិន្ទុ ក្នុង១៨ប្រកួត។
ចំណែកក្រុមលេខ៣ Real Batis មាន៣៣ពិន្ទុ ក្នុង១៩ប្រកួត និងក្រុមលេខ៤ Atletico Madrid មាន៣២ពិន្ទុ ក្នុង១៩ប្រកួតដែរ។ រីឯក្រុមអ្នកមានបុណ្យ Barcelona ដែលធ្លាប់តែជាក្រុមគ្រងជើងឯក La Liga ច្រើនជាងគេនោះ នៅរដូវកាលនេះហាក់ធ្វើមិនបានល្អដោយបានហក់មកឈរចំណាត់ថ្នាក់លេខ៥ មាន៣១ពិន្ទ ក្នុង១៩ប្រកួត ក្រោយពីយកឈ្នះក្រុម Mallorca ក្នុងលទ្ធផល១ទល់០កាលពីយប់មិញ ៕ (រូបភាព ៖ BBC Sport)