ខេត្តបាត់ដំបង : រដ្ឋបាលខេត្តបាត់ដំបង បានសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវវាងក្រុង ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល រហូតដល់ចំណុចប្រសព្វជាមួយផ្លូវស្របអាងម៉ាឈិត ឆ្ពោះទៅអាងកំពីងពួយ រយៈពេលមួយព្រឹក ចាប់ពី ០៤:០០នាទី ព្រឹក ដល់ម៉ោង ១២:០០នាទី ថ្ងៃត្រង់ នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ។
រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជនទាំងអស់ មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នឹងមានពិធីសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សេរីសោភ័ណ) ដែលមានប្រវែង ៨៤,៧៤គ.ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះដើម្បីសម្រួលលំហូរចរាចរណ៍ កុំឱ្យមានការកកស្ទះ រដ្ឋបាលខេត្ត នឹងបិទការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវវាងក្រុង ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល រហូតដល់ចំណុចប្រសព្វជាមួយផ្លូវ ស្របអាងម៉ាឈិត ឆ្ពោះទៅអាងកំពីងពួយរយៈពេលមួយព្រឹកចាប់ពីម៉ោង០៤:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃ ត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្ត៕
ដោយ : សិលា