ខេត្តកំពង់ធំ ៖ បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់អោយដឹងថា, , លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹតបន្ដឹងឱ្យបានម៉ឺងម៉ាត់។ លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ម្សិលមុិញ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព និងអភិបាលក្រុងស្រុក។
លោកបានបន្តថា ដោយពិនិត្យទៅលើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៩៤៩ករណី ក្នុងនោះមានពាក់មួកសុវត្ថិភាព ២២ករណីតែប៉ុណ្ណោះ។ ករណីទាំងអស់នេះ គឺបណ្តាលមកពី កត្តាផ្លូវ កត្តាអាកាសធាតុ និងកត្តាមនុស្ស ជាពិសេស ការបើកបរ មានការធ្វេសប្រហែសក្នុងការវ៉ា ឬជែង ការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ។
ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះបន្ថែមទៀត ហើយសមត្ថកិច្ចអនុវត្តច្បាប់ ត្រូវប្រើពាក្យសម្តីទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់
ទន្ទឹមនឹងនោះដែរ លោក ងួន រតនៈ បានជំរុញដល់គណៈកម្មការខេត្តរៀបចំពិធីបុណ្យទន្លេ ត្រូវធ្វើការដឹកនាំ ចាត់ចែង និងត្រួតពិនិត្យស្ថានភាពទូទៅនៃដំណើរការរៀបចំពិធីបុណ្យទន្លេ និងខិតខំបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចពីគណៈកម្មាធិការខេត្តរៀបចំបុណ្យទន្លេ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ ប្រព្រឹត្តទៅនៅសួនស្ទឹងសែន ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅក្នុងកំឡុងខែមីនា ខាងមុខនេះ៕
ដោយ : សិលា