នៅថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៦នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយ៉ុងហេបានបញ្ជាក់ថា មានសញ្ញាជាច្រើនបង្ហាញឲ្យឃើញថាកូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើទី៥នៅក្រោមដី។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង កំពុងតែត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥នៅក្រោមដី។
នៅក្នុងកិច្ចប្រជុំមួយនៅឯវិមានប្រធានាធបិតីកូរ៉េខាងត្បូង លោកស្រីប្រធានាធបិតីបានបញ្ជាក់ថា «យើងកំពុងស្ថិតនៅក្នុងស្ថានភាព មិនច្បាស់លាស់ថា កូរ៉េខាងជើងកំពុងតែធ្វើសកម្មភាពឌឺដងផ្សេងទៀតដើម្បីបញ្ចៀសភាពឯកកោនិង សាមគ្គីផ្ទៃក្នុង» ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវដល់កម្លាំងទាហានប្រទេសនេះត្រៀមលក្ខណៈទប់ទល់ពេលមានហេតុការអាក្រក់កើតឡើង ពិសេសគឺពេលកូរ៉េខាងជើងមានសកម្មភាពឌឺដងនិងវាយប្រហារ។ លោកស្រីផាកក៏បានព្រមានដល់កូរ៉េខាងជើង ថានិងត្រូវទទួលរងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រសិនប្រើប្រទេសនេះនៅតែមានសកម្មភាពឌឺដង។
កន្លងមកការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤របស់កូរ៉េខាងជើង ធ្វើឲ្យអង្គការសហប្រជាជាតិបង្កើនទណ្ឌកម្ម តឹងតែងជាងមុន ទាំងវិស័យឯកជននិងរដ្ឋរបស់កូរ៉េខាងជើង ដែលពាក់ព័ន្ធទៅនិងកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីល៕
ប្រែសម្រួល៖ ម៉ែវ សាធី