ក្រោយបែកធ្លាយរឿងប្រជាពលរដ្ឋឃុំព្រែកខ្សាច់ នាំគ្នាផ្ដិតមេដៃស្នើសម្ដេចក្រឡាហោម​ ស​ ខេង​ សុំផ្លាស់ប្ដូរស្មៀនឃុំ​ព្រែកខ្សាច់ ស្រាប់តែប្អូនថ្លៃស្រីជាមន្រ្តីនគរបាល​ ​ដេីរគំរាមពលរដ្ឋឱ្យផ្ដិតមេដៃទទួលស្គាល់ស្មៀនឃុំឡេីងវិញ

ចែករំលែក៖

ខេត្ត​កោះកុង៖ យោង​តាម​ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង​ បានរាយការណ៍នៅរសៀលថ្ងៃអង្គារទី០៤​ ខែមករា​ ឆ្នាំ​២០២២នេះថា​៖​ មានស្ត្រីម្នាក់​ ឈ្មោះ​ សែម​ លីវិជ្ជរី​ ជាមន្រ្តីនគរបាលម្នាក់​នៅឃុំព្រែកខ្សាច់​ បានដេីរធ្វេីសកម្មភាពគំរាមឱ្យពួកគាត់ផ្ដិតមេដៃឡេីងវិញ​ ដេីម្បីទទួលស្គាល់​ និងគាំទ្រលោក ហឿន ប៊ុនហេង ដែលជាស្មៀនឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង​ ឡេីង​វិញ។

ប្រជាពលរដ្ឋ​ខាងលេីនេះ​ បានឱ្យដឹងទៀតថា​ ស្រ្តី​ឈ្មោះ​ សែម លីវិជ្ជរី មន្រ្តីនគរបាលប៉ុស្តិ៍ព្រែកខ្សាច់​​រូបនេះ​ ​ត្រូវ​ជាប្អូនថ្លៃរបស់លោក ហឿន ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់​ មូលហេតុ​ដែល​ខ្លួន​ ដេីរគំរាមឱ្យផ្ដិតមេដៃគាំទ្របងថ្លៃរបស់ខ្លួននោះ​ គឺផ្ទុយពីច្បាប់​ ខណៈ​ដែល​មិនមានការអនុញ្ញាតពីថ្នាក់លើរបស់អង្គភាពខ្លួនបញ្ជាឱ្យចុះស្រង់ស្ថិតិប្រជាពលរដ្ឋ​ ឬស្នេីសុំឱ្យផ្ដិតមេដៃពីប្រជាពលរដ្ឋនោះឡេីយ​។ ជាក់ស្ដែង​ទង្វើ​របស់​មន្រ្តី​នគរបាល​រូបនេះ​ គឺចុះធ្វើការដោយចិត្តឯងទាំងដែលខ្លួនពាក់ឯកសណ្ឋានស៊ីវិល ឆ្លៀតនៅក្នុងម៉ោងបំពេញតួនាទីជាមន្ត្រីរាជការថែមទៀតផង។​ ដូច្នេះ​ប្រជាពលរដ្ឋ​ងឿងឆ្ងល់​ថា៖​ តេីការងារនេះ​ ជាតួនាទីរបស់មន្រ្តីនគរបាលរូបនេះជាអ្នកអនុវត្តច្បាប់ឬយ៉ាងណា​ ឬក៏គាត់យកសិទ្ធិអំណាចរបស់ខ្លួន​ ដេីម្បីដេីរគំរាមឱ្យផ្ដិតមេដៃគាំទ្រសាច់ញាតិរបស់ខ្លួន។ តេីថ្នាក់ស្រុក​ ខេត្ត​ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ នឹងមានវិធានការបែបណា​ ចំពោះ​មន្រ្តីនគរបាលប៉ុស្តិ៍ព្រែកខ្សាច់​រូបនេះ​ ដែលធ្វើ​ផ្ទុយ​ទៅ​នឹង​ច្បាប់​? 

ជុំវិញករណីនេះដែរ​ ​លោកស្រ្តី​ សែម លីវិជ្ជរី ជាមន្រ្តីនគរបាលប៉ុស្តិ៍ព្រែកខ្សាច់​ ក៏បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា៖ ខ្ញុំ​អត់បានថាសុំឱ្យគាត់ផ្ដិតមេដៃសុំគាំទ្រមិនគាំទ្រទេ​ ខ្ញុំ​គ្រាន់​តែ​សួរ​គាត់ថា​ ពួកគាត់​នៅតែបន្តគាំទ្រលោកស្មៀនឃុំ​ ឬមិនគាំទ្រ​ ខ្ញុំមិនបានបង្ខិតបង្ខំពួកគាត់ទេ។ ហើយ​ខ្ញុំ​ចុះទៅនេះគឺសួរនាំគាត់ធម្មតាទេ​ ព្រោះ​ខ្ញុំ​ស្លៀក​ពាក់​ខោអាវ​ធម្មតា​ គឺមិនមានពាក់​ឯកសណ្ឋាន​ជាមន្រ្តីនគរបាលនោះទេ។ ហើយ​ការ​ចុះនេះគឺគ្រាន់តែចង់ដឹងថា​ ពួកគាត់​គាំទ្រ​ឬអត់។

ដោយឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ​ ​បានប្រាប់តាមរយៈទូរស័ព្ទថា៖​” ករណី​និងយេីងមិនទាន់អាចឆ្លេីយបំភ្លឺបានទេ​ ហើយ​យើង​កំពុង​តែ​ចុះសួរនាំ​ មានន័យថាយេីងកំពុងហៅពួកគាត់ទាំងអស់នោះមកសួរនាំ​ ដេីម្បីជួបគ្នាជាមួយមេភូមិ​ និងស្មៀន​ ព្រោះ​អីយេីងមិនទាន់ច្បាស់ចំពោះការងារនឹង​ ចឹង​យើង​ចាំ​សួរ​នាំពីពួកគាត់ ដេីម្បីបំភ្លឺមួយៗសិន។ ហេីយលោក​ និងធ្វើ​របាយការណ៍ជូនទៅថ្នាក់ខេត្តតាមក្រោយ។ ដោយ​ឡែក​ចំពោះ​ករណី​ ប្អូនថ្លៃរបស់លោកស្មៀនឃុំ​ ដែល​ចុះគំរាមប្រជាពលរដ្ឋឱ្យផ្ដិតមេដៃ​ លោកអភិបាល​ស្រុក​ ក៏បានបញ្ជាក់ថា​ លោកមិនទាន់បានទទួលព័ត៍មាននឹងបន្តទៀត​ ឥឡូវ​ចំពោះ​ការលើកឡើង​របស់បុគ្គល​ សុទ្ធ​តែ​ការ​លើក​ឡើង​ហើយ​ រាល់ដែលយេីងត្រូវការស៉េីបអង្កេតរឿងនេះសិន។ ហើយ​យើង​កំពុង​តែ​សួរ​នាំ​ និងបំភ្លឺសិន​ សម្រាប់​ការងារផ្សេងទៀតយេីងមិនទាន់អាចនិយាយបានទេ”។ 

គួររម្លឹកថា​ បេី​យោង​តាមសេចក្ដីរាយការណ៍ពី​ប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង​ កាលពីរសៀល​ថ្ងៃ​អង្គារ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២១កន្លង​ទៅ​នេះ​ បានឱ្យដឹងថា​ បច្ចុប្បន្ន​នេះ​ពួកគាត់​ បាននាំគ្នាផ្ដិតមេដៃជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពស្នើសុំផ្លាស់ប្ដូរលោក ហឿន ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង។​ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មៀនឃុំព្រែកខ្សាច់ លោក ហឿន ប៊ុនហេង ដែលបានបំពេញការងារប្រាស់ចាកពីភាពជាមន្ត្រី ធ្វើការងារមិនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដោយមិនយកច្បាប់ជាធំ ហើយ​បានប្រព្រឹត្តិអំពើពុករលួយ ធ្វើឱ្យពួកគាត់បាត់ទំនុកចិត្តតែម្តង។ 

គួរបញ្ជាក់ដែរថា​ សម្ដេចក្រឡាហោម​ ស​ ខេង​ កន្លងមកនេះ​ក៏បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្ដែងប្រចាំថ្ងៃ ដោយមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំ ក្នុងនោះមានមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ តាមរយៈការផ្ដល់ឯកសារផ្សេងៗ ការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ព្រមទាំងការសម្រេចចិត្ត និងការអនុវត្តការងារជាច្រើនទៀតដើម្បីបំរើប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន៕​ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print