សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះកីឡាការិនី អ៊ុក ស្រីមុំ ដែលបានទទួលជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅទីក្រុងSanta Susanna ប្រទេសអេស្ប៉ាញ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកោតសរសើរចំពោះកីឡាការិនី អ៊ុក ស្រីមុំ ដែលបានទទួលជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅទីក្រុងSanta Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១។
សម្តេចតេជោ កោតសរសើរចំពោះការខិតខំរបស់កីឡាករនិងកីឡាការិនី ក្នុងការហ្វឹកហាត់ ទោះក្នុងអំឡុងពេលកូវីដ១៩ក៏ដោយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២នេះ​ បានរំលឹកពីខួប៤៦ឆ្នាំដែលសម្តេចរៀបការជាមួយភរិយា ហើយជាការរៀបការ ដែលគ្មានឪពុកម្តាយចូលរួមខុសពីការរៀបការនៅពេលបច្ចុប្បន្នមានកម្មវិធីធំដុំប៉ុន្តែអត្រានៃការលែងលះក៏មានច្រើន។
សម្តេចបានបន្ថែមទៀតថា ក្រោយពេលលែងលះគ្នា មានគូរស្នេហ៍ខ្លះបានជេរប្រមាថគ្នា តាមបណ្តាញសង្គម ដូច្នេះសម្តេចបានស្នើរសុំចំៗ ទៅប្តីប្រពន្ធបច្ចុប្បន្ន ថាប្រសិនបើរៀបការហើយលែងលះគ្នា សូមកុំបំផ្លាញកិត្តិយសគ្នា ហែកហួរគ្នា បើមិនគិតពីកិត្តិយសខ្លួនឯង ក៏ទុកកិត្តិយសអោយកូនៗ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ ក្រោយទទួលបានឯករាជ្យនៅកម្ពុជាមានសន្តិភាព​ តែគ្មានស្ថិរភាព​ ដោយសារកត្តា២ គឺទី១​ប្រទេសជិតខាងមានសង្រ្គាម​ ដោយសារការទម្លាក់គ្រាប់បែកនៅវៀតណាមខាងត្បូង ​និងទី២​កត្តាផ្ទៃក្នុង​ មានខ្មែរក្រហម​ ខ្មែរស​ ខ្មែរខៀវ​ បង្កការររំខានការកសាងប្រទេស​ ប៉ុន្តែវិស័យកីឡាមានការរីកចម្រេីន​ ព្រោះសម័យនោះគ្រប់សាលារៀនមានកីឡាបាល់ទះ​ កីឡាបាល់បោះ​ រួមនឹងកីឡាប្រភេទផ្សេងទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ បច្ចុប្បន្ន​អ្នកជំងឺកូវីដ-១៩​ ដែលមានស្ថានភាពធ្ងន់​កំពុងព្យាបាលនៅបន្ទប់ICU នៅសល់ចំនួន១២៦នាក់​ ដោយសរុបអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស​ មាន ជាង៥០០នាក់។
សម្តេចតេជោបន្តថា កម្ពុជានឹងត្រូវសាងសង់មជ្ឈមណ្ឌលធំមួយបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនអោយពលរដ្ឋខ្វះកន្លែងព្យាបាលនោះទេ ខណៈយើងបានដើរមួយជំហានមុន។
សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតអោយអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ១៩ «អូមីក្រុង» ចំនួន៩៤ករណីហើយ ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៤ នឹងត្រូវចាក់ជូនមន្ត្រីជួរមុខដែលមានហានិភ័យ មានប្រមាណជាង៧០ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយបើកមតេ្តយ្យសិក្សាពី៣ឆ្នាំ ដល់៥ឆ្នាំឡើងវិញ ក្រោយសង្កេតឃើញថា ការឆ្លងកូវីដក្នុងសហគមន៍បានថយចុះ ការចាក់វ៉ាក់សាំងមានភាពសាំក្នុងសហគមន៍ និងជួយសម្រាលការលំបាករបស់អាណាព្យាបាលអាចដាក់កូនមើលថែ និងមានពេលបំពេញកិច្ចការងារផ្សេងៗ។
សម្តេចតេជោ​ ហ៊ុន សែន បានមានន្រសាសន៍ថា​ ប្រសិនគ្មានរដ្ឋប្រហារនៅឆ្នាំ១៩៧០ទេ​ ប្រហែលវិស័យកីឡាមិនដេីរថយក្រោយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាថ្មីម្តងទៀតថា នាពេលនេះសម្តេចជានាយករដ្ឋមន្រ្តី បន្ទាប់មក នឹងក្លាយទៅជាឱពុកនាយករដ្ឋមន្រ្តី ២០ឆ្នាំក្រោយនឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តី និង៤០ឆ្នាំក្រោយទៀត នឹងក្លាយទៅជាជីតាទួតរបស់នាយករដ្ឋមន្រ្តី ប៉ុន្តែដើម្បីឲ្យក្លាយទៅជានាយករដ្ឋមន្រ្តីគឺត្រូវឆ្លងកាត់ការបោះឆ្នោតទាំងអស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា តើសហរដ្ឋអាមេរិកនឹងចេញមុខការពារវិស័យអប់រំខ្លួនឯង ឬ ការពារបុគ្គលខូច ដែលចំនុចនេះសម្តេចចង់សម្តៅលើទណ្ឌិត សម រង្ស៊ី ដែលកន្លងទៅបានចោទថា សញ្ញាបត្របណ្ឌិតរបស់ លោកបណ្ឌិតហ៊ុន ម៉ាណែតដែលបានពីសាលា West Pion ពីសហរដ្ឋអាមេរិក ជាសញ្ញាបត្រប្រភេទ២។
សម្តេចតេជោ ហ៊ុន សែន ចោទជាសំនួរថា តើពលរដ្ឋមីយ៉ាន់ម៉ាចង់អោយប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលពិតប្រាកដឬ ត្រូវដោះស្រាយ? ខណៈការអញ្ជើញទៅមីយ៉ាន់ម៉ារបស់សម្តេចតេជោនាពេលខាងមុខ គឺស្របតាមកុងសង់ស៊ីស៥ចំនុចរបស់អាស៊ាន កាលជួបប្រជុំនៅទីក្រុងហ្សាកាតា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ស្ថានភាពនៅមីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវប្រើវិធីសាស្រ្តមិនសាមញ្ញដូចគ្នាដើម្បីដោះស្រាយបញ្ហា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចចង់ឃើញមានភាពអត់ធ្មត់បញ្ឈប់អំពើហឹង្សានៅមីយ៉ាន់ម៉ា ខណៈដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ាគ្មានចង់បានអ្វីក្រៅពីចង់ឃើញមីយ៉ាន់ម៉ាបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទិវា៧ មករា ឆ្នាំនេះ មិនមានវត្តមានសម្តេច ដើម្បីចូលរួមអបអរសាទរដោយផ្ទាល់ទេ ដោយសម្តេចជាប់បេសកកម្មទៅមីយ៉ាន់ម៉ា។ សម្តេច នឹងផ្ញើសារជូនជនរួមជាតិរំលឹកពីអត្ថន័យទិវាជាតិដ៏សំខាន់មួយនេះ។ សម្តេចបន្តថា ការប្រារព្ធទិវានេះ បើធ្វើតូចពេកមិនសម បើធ្វើធំខ្លាចមានបញ្ហា នៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះហើយវិធីដែលល្អ គឺយកថ្ងៃនឹងទៅមីយ៉ាន់ម៉ាតែម្តង។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print