ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកោតសរសើរចំពោះកីឡាការិនី អ៊ុក ស្រីមុំ ដែលបានទទួលជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅទីក្រុងSanta Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១។
សម្តេចតេជោ កោតសរសើរចំពោះការខិតខំរបស់កីឡាករនិងកីឡាការិនី ក្នុងការហ្វឹកហាត់ ទោះក្នុងអំឡុងពេលកូវីដ១៩ក៏ដោយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២នេះ បានរំលឹកពីខួប៤៦ឆ្នាំដែលសម្តេចរៀបការជាមួយភរិយា ហើយជាការរៀបការ ដែលគ្មានឪពុកម្តាយចូលរួមខុសពីការរៀបការនៅពេលបច្ចុប្បន្នមានកម្មវិធីធំដុំប៉ុន្តែអត្រានៃការលែងលះក៏មានច្រើន។
សម្តេចបានបន្ថែមទៀតថា ក្រោយពេលលែងលះគ្នា មានគូរស្នេហ៍ខ្លះបានជេរប្រមាថគ្នា តាមបណ្តាញសង្គម ដូច្នេះសម្តេចបានស្នើរសុំចំៗ ទៅប្តីប្រពន្ធបច្ចុប្បន្ន ថាប្រសិនបើរៀបការហើយលែងលះគ្នា សូមកុំបំផ្លាញកិត្តិយសគ្នា ហែកហួរគ្នា បើមិនគិតពីកិត្តិយសខ្លួនឯង ក៏ទុកកិត្តិយសអោយកូនៗ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោយទទួលបានឯករាជ្យនៅកម្ពុជាមានសន្តិភាព តែគ្មានស្ថិរភាព ដោយសារកត្តា២ គឺទី១ប្រទេសជិតខាងមានសង្រ្គាម ដោយសារការទម្លាក់គ្រាប់បែកនៅវៀតណាមខាងត្បូង និងទី២កត្តាផ្ទៃក្នុង មានខ្មែរក្រហម ខ្មែរស ខ្មែរខៀវ បង្កការររំខានការកសាងប្រទេស ប៉ុន្តែវិស័យកីឡាមានការរីកចម្រេីន ព្រោះសម័យនោះគ្រប់សាលារៀនមានកីឡាបាល់ទះ កីឡាបាល់បោះ រួមនឹងកីឡាប្រភេទផ្សេងទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពធ្ងន់កំពុងព្យាបាលនៅបន្ទប់ICU នៅសល់ចំនួន១២៦នាក់ ដោយសរុបអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស មាន ជាង៥០០នាក់។
សម្តេចតេជោបន្តថា កម្ពុជានឹងត្រូវសាងសង់មជ្ឈមណ្ឌលធំមួយបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនអោយពលរដ្ឋខ្វះកន្លែងព្យាបាលនោះទេ ខណៈយើងបានដើរមួយជំហានមុន។
សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតអោយអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ១៩ «អូមីក្រុង» ចំនួន៩៤ករណីហើយ ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៤ នឹងត្រូវចាក់ជូនមន្ត្រីជួរមុខដែលមានហានិភ័យ មានប្រមាណជាង៧០ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយបើកមតេ្តយ្យសិក្សាពី៣ឆ្នាំ ដល់៥ឆ្នាំឡើងវិញ ក្រោយសង្កេតឃើញថា ការឆ្លងកូវីដក្នុងសហគមន៍បានថយចុះ ការចាក់វ៉ាក់សាំងមានភាពសាំក្នុងសហគមន៍ និងជួយសម្រាលការលំបាករបស់អាណាព្យាបាលអាចដាក់កូនមើលថែ និងមានពេលបំពេញកិច្ចការងារផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន បានមានន្រសាសន៍ថា ប្រសិនគ្មានរដ្ឋប្រហារនៅឆ្នាំ១៩៧០ទេ ប្រហែលវិស័យកីឡាមិនដេីរថយក្រោយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាថ្មីម្តងទៀតថា នាពេលនេះសម្តេចជានាយករដ្ឋមន្រ្តី បន្ទាប់មក នឹងក្លាយទៅជាឱពុកនាយករដ្ឋមន្រ្តី ២០ឆ្នាំក្រោយនឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តី និង៤០ឆ្នាំក្រោយទៀត នឹងក្លាយទៅជាជីតាទួតរបស់នាយករដ្ឋមន្រ្តី ប៉ុន្តែដើម្បីឲ្យក្លាយទៅជានាយករដ្ឋមន្រ្តីគឺត្រូវឆ្លងកាត់ការបោះឆ្នោតទាំងអស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា តើសហរដ្ឋអាមេរិកនឹងចេញមុខការពារវិស័យអប់រំខ្លួនឯង ឬ ការពារបុគ្គលខូច ដែលចំនុចនេះសម្តេចចង់សម្តៅលើទណ្ឌិត សម រង្ស៊ី ដែលកន្លងទៅបានចោទថា សញ្ញាបត្របណ្ឌិតរបស់ លោកបណ្ឌិតហ៊ុន ម៉ាណែតដែលបានពីសាលា West Pion ពីសហរដ្ឋអាមេរិក ជាសញ្ញាបត្រប្រភេទ២។
សម្តេចតេជោ ហ៊ុន សែន ចោទជាសំនួរថា តើពលរដ្ឋមីយ៉ាន់ម៉ាចង់អោយប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលពិតប្រាកដឬ ត្រូវដោះស្រាយ? ខណៈការអញ្ជើញទៅមីយ៉ាន់ម៉ារបស់សម្តេចតេជោនាពេលខាងមុខ គឺស្របតាមកុងសង់ស៊ីស៥ចំនុចរបស់អាស៊ាន កាលជួបប្រជុំនៅទីក្រុងហ្សាកាតា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ស្ថានភាពនៅមីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវប្រើវិធីសាស្រ្តមិនសាមញ្ញដូចគ្នាដើម្បីដោះស្រាយបញ្ហា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចចង់ឃើញមានភាពអត់ធ្មត់បញ្ឈប់អំពើហឹង្សានៅមីយ៉ាន់ម៉ា ខណៈដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ាគ្មានចង់បានអ្វីក្រៅពីចង់ឃើញមីយ៉ាន់ម៉ាបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទិវា៧ មករា ឆ្នាំនេះ មិនមានវត្តមានសម្តេច ដើម្បីចូលរួមអបអរសាទរដោយផ្ទាល់ទេ ដោយសម្តេចជាប់បេសកកម្មទៅមីយ៉ាន់ម៉ា។ សម្តេច នឹងផ្ញើសារជូនជនរួមជាតិរំលឹកពីអត្ថន័យទិវាជាតិដ៏សំខាន់មួយនេះ។ សម្តេចបន្តថា ការប្រារព្ធទិវានេះ បើធ្វើតូចពេកមិនសម បើធ្វើធំខ្លាចមានបញ្ហា នៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះហើយវិធីដែលល្អ គឺយកថ្ងៃនឹងទៅមីយ៉ាន់ម៉ាតែម្តង។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ ៕