សេតវិមានអាមេរិកបានប្រកាសថា ការចោទប្រកាន់ពីរុស្ស៊ីថា អាមេរិកជំរុញឱ្យមានបាតុកម្មហិង្សានៅក្នុងប្រទេសកាហ្សាក់ស្ថាន គឺជារឿងមិនសមហេតុផលនោះឡើយ។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki នៅថ្ងៃទី៥ខែមករា(ពេលវេលាអាមេរិក) បានច្រានចោលការចោទប្រកាន់ របស់រុស្ស៊ី ដោយលោកស្រីបញ្ជាក់ថា អាមេរិកមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងប្រទេសកាហ្សាក់ស្ថាននោះឡើយ។ ស្ថានភាពនៅក្នុងប្រទេសកាហ្សាក់ស្ថាន កាន់តែតានតឹង ហើយពេលនេះ កងទ័ពសម្ពន្ធមិត្តដឹកនាំដោយរុស្ស៊ីបានអះអាងថា ខ្លួននឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់កាហ្សាក់ស្ថាន ដើម្បីរក្សាឱ្យបាននូវស្ថិរភាព និងបានស្តីបន្ទោសក្រុមបាតុករដែលបាននិងកំពុងធ្វើឱ្យប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអតីតសហភាពសូវៀតមួយនេះធ្លាក់ចូលក្នុងភាពចលាចល ដោយសារតែការលូកដៃពីបរទេស។ ប្រទេសកាហ្សាក់ស្ថានដែលស្ថិតនៅតំបន់អាស៊ីកណ្តាល ជាច្រើនឆ្នាំមកនេះត្រូវបានគេមើលឃើញថា ជាប្រទេសអតីតសហភាពសូវៀត ដែលមានភាពស្ងប់សុខបំផុតមួយ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការមិនចុះសម្រុងគ្នាបានឈានដល់ថ្នាក់ផ្ទុះការតវ៉ា និងប្រើអំពើហិង្សា ដោយសារតែបញ្ហាសាំងឡើងថ្លៃ។ ក្រុមបាតុករបានចេញមកតវ៉ាតាមដងផ្លូវនៅក្នុងទីក្រុង និងចូលលុកលុយអគាររដ្ឋាភិបាលកាហ្សាក់ស្ថាន ព្រមទាំងបានដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនផងដែរ។ ខណៈដែលប្រទេសរុស្ស៊ីបានចោទថា បាតុករបានចេញមកតវ៉ាដោយកំហឹងបែបនេះ ព្រោះតែមានការដុតបញ្ឆេះពីបរទេសនោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅថ្ងៃពុធសប្តាហ៍នេះឱ្យគ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ និងងាកមកដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បានស្នើទៅកាន់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយប្រទេសរុស្ស៊ី ហៅកាត់ថា CSTO ដែលមានសមាជិកសរុប៦ប្រទេស (សុទ្ធតែជារដ្ឋធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត) ដើម្បីទប់ស្កាត់នូវអ្វីដែលលោកហៅថា «ក្រុមភេរវករ» ដែលទទួលបានការហ្វឹកហ្វឺនពីបរទេស៕ ដោយសាធី
រូបថត៖AFP/TTXVN